តំណាងក្រុមហ៊ុនធំៗចំនួន ១៦រូបពីសហរដ្ឋអាមេរិក នឹងមកសិក្សាស្វែងយល់ពីវិស័យកសិ កម្មនៅកម្ពុជា រយៈពេលពីរថ្ងៃ នៅក្នុងកម្មសិក្សាមួយ ក្រោមប្រធានបទ« ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅសណ្ឋាគារ Rose wood ភ្នំពេញ នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានជូនដំណឹងថា ក្នុងកម្មសិក្សានេះ សមាជិកប្រតិភូ នៃ ក្រុមហ៊ុនទាំង១៦នោះ នឹងស្វែងយល់ពីវិស័យផ្សេងៗទាក់ទងនឹងវិស័យកសិកម្មរបស់កម្ពុជា មានដូចជា ស្រូវអង្ករ ចំណីសត្វ បសុសត្វ វារីវប្បកម្ម និងទស្សនាទីតាំងផលិតកម្ម ក្នុងមូលដ្ឋានមួយ ចំនួន ។
លើសពីនេះគណៈប្រតិភូ នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម ក្រសួង កសិកម្ម និងអ្នកជំនួញកម្ពុជាផងដែរ ដើម្បី បង្កើនទំនាក់ទំនងជាមួយភាគីកម្ពុជា ដែលនឹងអាចក្លាយ ជាដៃគូវិនិយោគដ៏មានសក្តានុពលនៅពេលអនាគត៕