ត្បូងឃ្មុំ៖ មន្ដ្រីនគរបាលពាក់ស័ក្ដិ៤ម្នាក់ ត្រូវប្រជាពលរដ្ឋវាយឲ្យរបួសធ្ងន់ បែកក្បាល បន្ទាប់ពីមន្ត្រីរូបនេះ បើករថយន្ដបុកម៉ូតូហើយ មិនឈប់ មើលជនរងគ្រោះ។ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដលោកស័ក្ដិ៤ នឹងម៉ូតូពលរដ្ឋនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ នៅមុខវត្ដពន្លា ស្ថិតក្នុងស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ។
មន្ដ្រីនគរបាលខេត្តម្នាក់ ឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវប្រជាពលរដ្ឋ វាយឲ្យបែកក្បាលនេះមានឈ្មោះ មឿន លាងហេង មានតួនាទីជាអនុប្រធាន ការិយាល័យអត្ដសញ្ញាណប័ណ្ណនៃស្នងការ ដ្ឋាននគរបាល ខេត្ដត្បូងឃ្មុំ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុមន្ដ្រីនគរបាលរូបនេះបានបើក រថយន្ដម៉ាកឡិចស៊ីសLX-៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2A-0524 ធ្វើ ដំណើរមកកន្លែងធ្វើការ។ លុះមកដល់ ចំណុចកើតហេតុនៅមុខវត្ដពន្លា ស្ថិតក្នុងស្រុកពញាក្រែកបានបុកម៉ូតូគេម្នាក់ តែពេលនោះមន្ដ្រីនគរបាលពាក់ស័ក្ដិ៤រូបនេះ មិនបានឈប់រថយន្ដ ដើម្បីដោះស្រាយជាមួយជនរងគ្រោះជិះម៉ូតូនោះទេ គឺបានបើករថយន្ដអូសទាំងម៉ូតូជនរងគ្រោះជាច្រើនម៉ែត្រ។ ពេលបើករថយន្ដ មកដល់ទឹកដីក្រុងសួងទើបកម្លាំងសមត្ថកិច្ចអន្ដរាគមន៍ ស្ទាក់ឃាត់ខ្លួនបានជាក់ស្ដែង តែនៅពេលនោះប្រជាពលរដ្ឋមួយ ចំនួនដែលដេញតាមរថយន្ដបង្កហេតុ និងអ្នកនៅជុំវិញកន្លែងកើតហេតុ បាននាំគ្នាវាយទៅលើមន្ដ្រីនគរបាលរូបនោះឲ្យបែកក្បាលហូរឈាម។
លោកផ្កាយ១ ម៉ៅ ពៅ ស្នងការនគរបាលខេត្ដត្បូងឃ្មុំ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកឲ្យដឹងថា ពិតជាមានករណីគ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង ប្រាកដមែនដោយសារមន្ដ្រីនគរបាល ដែលជាកូនចៅរបស់លោកបានបើក រថយន្ដបុកអូសម៉ូតូ។ លោកបន្ដថា ក្រោយការបង្កគ្រោះថ្នាក់ ចរាចរណ៍លោកបានបញ្ជាឲ្យមន្ដ្រីនគរបាលរូបនោះឲ្យទៅព្យាបាលរបួសហើយ រឿងយ៉ាងណានោះនឹងត្រូវជួបជាមួយ ភាគីម្ចាស់ម៉ូតូ ដើម្បីដោះស្រាយតាមនីតិវិធី៕