ភ្នំពេញ ៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងចាប់ផ្ដើមបន្លាស់ទីជនជាតិវៀតណាមជិត១ពាន់គ្រួសារឲ្យទៅរស់នៅលើដីគោកនៅសប្តាហ៍ក្រោយ ហើយគ្រោងនឹងជម្លៀសឲ្យអស់នៅចុងឆ្នាំនេះ។ លោកថា ការបន្លាស់ទីឲ្យពួកគាត់មករស់នៅលើដីគោកនេះ គឺដើម្បីឲ្យទឹកទន្លេស្អាតឡើងវិញ ហើយថា ពួកគេបានយល់ព្រមចាកចេញអស់ហើយ។
អភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណរិទ្ធ បានបញ្ជាក់ថា នៅក្រុងកំពង់ឆ្នាំងមានជនជាតិវៀតណាម៩៩៦គ្រួសារដែលរស់នៅលើផ្ទះបណ្ដែតទឹក។ ពួកគេនឹងទៅរស់នៅលើដីទំហំជាង៤០ហិកតា ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលអាជ្ញាធរខេត្តបានធ្វើ សុំអនុប្រយោគពីរាជរដ្ឋាភិ បាលសុំកាត់ចេញពីតំបន់ដីលិចទឹក។
ចំណែកពលរដ្ឋខ្មែរ វៀតណាម និងខ្មែរអ៊ិស្លាម ផ្សេងទៀតសរុបប្រមាណ ២ពាន់នាក់ ដែលរស់នៅលើដងទន្លេ ក្នុងស្រុកនានានៃខេត្តកំពង់ឆ្នាំង នឹងត្រូវធ្វើការបន្លាស់ទីទៅរស់នៅលើគោកឲ្យអស់នៅឆ្នាំ២០១៩៕