​ដាក់មង​ចាប់​ត្រី​ក្នុង​ស្ទឹង​បែរជា​ជាប់​ក្រពើ​១​ក្បាល​នៅ​ស្រុក​វាលវែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2018 ក+ ក-

​ពោធិ៍សាត់ ៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ បុរស​ម្នាក់​មានការ​ភ័យរន្ធត់​យ៉ាងខ្លាំង បន្ទាប់ពី​ប្រទះឃើញ​សត្វ​ក្រពើ ដ៏​ធំ​មួយ​ក្បាល ជាប់​មង​របស់គាត់ ដែល​បានដាក់​យក​ត្រី នៅក្នុង​ស្ទឹង​មេទឹក ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស ក្នុងភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់

​បុរស​ដែល​ដាក់មង​យក​ត្រី​នោះ ឈ្មោះ មឿ​ន មីន ប្រាប់​ឲ្យ​ដឹងថា ពេល​គាត់​ទៅ​រាយ​មង រកត្រី នៅ​នៅ​ចំណុច​ខាងលើ​នាពេល​ល្ងាច លុះ​ពេលព្រឹក​ឡើង​ពេល​ទៅ​ដោះ​មង ក៏​ប្រទះឃើញ​មង​មាន​ជាប់​សត្វ​ម្យ៉ាង រើ​បម្រាស់​ខ្លាំង គាត់​ក៏​លើក​ទាញ​មង​ឡើងលើ ក៏​ប្រទះឃើញ​ជាប់​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល គាត់​មានការ​ភិតភ័យ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍ ចាប់​លើក​ក្រពើ​មួយ​ក្បាល​នោះ ឡើងគោក ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ជិវិត​មនុស្ស និង​សត្វ​។

​បច្ចុប្បន្ន​សត្វ​ក្រពើ​នេះ ត្រូវបាន​ដឹក​យកទៅ​រក្សាទុក នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៨២៥ រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ គេ​នៅ​ពុំទាន់​ដឹង​នៅឡើយ​ទេ​ថា សត្វ​ក្រពើ​នេះ ជា​សត្វ​ក្រពើ​ធម្មជាតិ ឬក៏​សត្វ​ចិញ្ចឹម​ដែល​រួច​មកពីណា​នោះទេ ៕