សាធារណជនអាចចូលទស្សនា វត្ថុបុរាណដោយសេរីក្នុងអភិរក្សដ្ឋាន អង្គរ
សៀមរាប ៖ ថ្ងៃទី២៩ ខែកញ្ញា នេះ ជាទិវាខួបបេតិកភណ្ឌអឺរ៉ុប ចំណែកនៅខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកឱ្យសាធារណជនចូលទស្សនា និងសិក្សាឈ្វេងយល់ កន្លែងរក្សាទុកវត្ថុបុរាណនៅអភិរក្សដ្ឋានអង្គរ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល។ អភិរក្សដ្ឋានអង្គរ ស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ឬនៅមុខវត្តព្រះឥន្ទកោសីយ៍(វត្តលើ)ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
សាធារណជន និងប្រជាពលរដ្ឋដែលធ្លាប់បានប្រគល់វត្ថុបុរាណផ្សេងៗ អាចមកទស្សនាអភិរក្សដ្ឋានអង្គរ និងពិនិត្យថា វត្ថុទាំងនោះមានការរក្សាទុកត្រឹមត្រូវ ឬមានសភាពដូចដើម ឬអត់។ បច្ចុប្បន្ននេះ នៅក្នុងអភិរក្សដ្ឋានអង្គរ មានវត្ថុបុរាណដែលប្រមូលមកពីបណ្តាខេត្តទាំងអស់នៅ ទូទាំង ប្រទេសយកមករក្សា ទុកនៅទីនេះ មានប្រមាណជិត ១ម៉ឺនវត្ថុបុរាណ ក្នុងនោះមានចម្លាក់ថ្ម និងចម្លាក់ឈើ ៕