ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាជាច្រើនរូប ទៅចូលរួមកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅចុងសប្ដាហ៍នេះ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក ។
ក្នុងឱកាសនោះ សម្តេចតេជោ នឹងធ្វើសេចក្ដីថ្លែងការណ៍នៅចំពោះមុខមហាសន្និបាត និងជួបពិភាក្សាការងារជាមួយមេដឹកនាំពិភព លោក សំខាន់ៗផ្សេងទៀត។ ស្របពេលជាមួយគ្នានេះ ក៏នឹងមានការត្រៀមគាំទ្រស្វាគមន៍ក្នុងដំណើរទស្សនកិច្ចនេះ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកផងដែរ។
សូមជម្រាបថា មហាសន្និបាតនេះ នឹងបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ នៅក្នុងទីក្រុងញូវយ៉ក។ អមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមានឥស្សរជនសំខាន់ៗដូចជា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត៕