ពោធិ៍សាត់ ៖ លោក ហេង សុភាណា អភិបាលស្រុកវាលវែង រួមនិងមន្ត្រីអភិរក្សសត្វព្រៃជួរភ្នំក្រវាញភាគកណ្តាល មន្ត្រីបរិស្ថានប៉ូលីសវរៈការពារព្រំដែន និងប្រជាពលរដ្ឋ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកសត្វក្រពើភ្នំមួយក្បាល ដែលជាប់មងអ្នកនេសាទនៅក្នុងស្ទឹងមេទឹក ឃុំថ្មដា នាំយកទៅលែងនៅកន្លែងដើមវិញហើយ។
សូមរំលឹកថា បុរសម្នាក់ឈ្មោះ មឿន មីន បានថ្លែងឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨ រូបគាត់បានទៅរាយមងរកត្រីនៅចំណុចស្ទឹងមេទឹក រួចក៏ទៅសម្រាកនៅផ្ទះ។លុះព្រឹកឡើងថ្ងែទី២៥ ខែកញ្ញា រូបគាត់ក៏ទៅដោះមង។ ភ្លាមនោះស្រាប់តែឃើញ មង ជាប់សត្វក្រពើដ៏ធំមួយក្បាលទម្ងន់ប្រមាណ ១៧០គីឡូក្រាមនេះតែម្តង។
អាជ្ញាធរ បានផ្តល់ថវិកាចំនួន៦០០ដុល្លារ ដល់អ្នកដាក់មងជាប់សត្វក្រពើ និងបានអំពាវនាវ ឲ្យប្រុងប្រយ័ត្ន រួមទាំងហាមប្រាមមិនត្រូវបរបាញ់ឫដាក់អន្ទាក់ចាប់សត្វឡើយ៕