ភ្នំពេញ ៖ តុលាការកំពូលបានលើកយកបណ្តឹងសារទុក្ខរបស់អតីតសកម្មជនបឹងកក់២រូប មកជំនុំជម្រះ ពាក់ព័ន្ធជម្លោះហិង្សានៅរមណីយដ្ឋានវត្តភ្នំកាលពីឆ្នាំ ២០១៣ ដែលចោទកងសន្តិសុខខណ្ឌដូន ពេញ ថា បានបាញ់គ្រាប់ចម្ពាមចំដើមទ្រូង និងប្រើដំបងវាយឲ្យរបួសដេរជាច្រើនថ្នេរ។
ថ្លែងពេលចេញពីបន្ទប់សវនាការលោកយាយ ង៉ែត ឃុន ហៅ ម៉ាំមី អាយុ ៧៨ ឆ្នាំ និងអ្នក ស្រី ផាន់ ឈុនរ៉េត អាយុ៦០ឆ្នាំ ដែលជាដើមបណ្ដឹងបានរៀបរាប់ពីការប្រើអំពើហិង្សាមកលើពួក គាត់ថា កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ពួកគាត់ជាអ្នកបឹងកក់ជាង១០នាក់ បាននាំគ្នាទៅរមណីយដ្ឋានវត្តភ្នំដើម្បីធ្វើពិធីសមាធិក្នុងបំណងឱ្យអាជ្ញាធរដោះលែងអ្នកស្រី យ៉ោម បុប្ផា និងឲ្យដោះស្រាយទំនាស់ដីធ្លីនៅតំបន់បឹងកក់។
ទោះយ៉ាងណាលោកចៅក្រម គង់ ស្រ៊ីម បានពន្យល់ប្រាប់ទៅដើមបណ្តឹងទាំង២នាក់ ថា ៖ «តាមផ្លូវច្បាប់កាលណាជនបង្កធ្វើឲ្យអ្នកដទៃមានរបួសស្នាម ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណច្បាស់លាស់គឺចៅក្រមគេលើកលែងការចោទប្រកាន់ហើយ»៕