ឧកញ៉ា លឹម ប៊ុន​ណា និង​ឧកញ៉ា អេង រង​បណ្តឹង​ករណី​បំផ្លាញ​ព្រៃ ឈើ​ជាង​១០០​ហិកតា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2015 ក+ ក-

​ខេត្តក្រចេះ​៖ ប្រជាពលរដ្ឋ​ជាង​៣០​នាក់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល គ្រោង​ដាក់ពាក្យ​ប្តឹង​ឧកញ៉ា​២​រូប រួម​និង​មនុស្ស​មួយចំនួន​ផ្សេងទៀត ទៅ​សាលាដំបូង​ខេត្តក្រចេះ​ជុំវិញ​ករណី​កាប់​រាន​ឈូសឆាយដី​ព្រៃឈើ ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ដែលមាន​ទំហំ​ប្រមាណ​៣១២០​ហិកតា​យកទៅ​ធ្វើជា​កម្មសិទ្ធិ ផ្ទាល់ខ្លួន​។​

​យោងតាម​ពាក្យបណ្តឹង​ដែល​គ្រោង​ដាក់ជូន​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា​ដែល​ត្រូវ​ប្តឹង គឺ​លោក​ឧកញ៉ា អេង នៅ​ផ្សារ​បែក​អន្លូង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​លោក​ឧកញ៉ា លឹម ប៊ុន​ណា នៅ​ឃុំ​ប្រ​ធាតុ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ពីបទ​កាប់​រាន​ឈូសឆាយ​ដីព្រៃ​ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ជនល្មើស​មួយចំនួនទៀត ដែល​បាន​រួមគ្នា​ធ្វើ​ឲ្យ​បាត់បង់​តំបន់​ព្រៃឈើ សរុប​ទំហំ​៣១២០ ហិកតា​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ​។​

​ក្នុង​បណ្តឹង​ក៏បាន​សរសេរថា ក្រុម​ឈ្មួញ​បាន​ឃុបឃិត​គ្នា​ជាមួយ​អ្នកមានអំណាច ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ តាមរយៈ​កាប់រំលំ​ដើមឈើ កាប់​រាន​ឈូសឆាយដី​ព្រៃឈើ​យក​ដី​មក​ធ្វើជា​កម្មសិទ្ធិ តាំងពី​ឆ្នាំ ២០០៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ។​

​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ខាងលើនេះ​លោក​ឧកញ៉ា អេង និង​លោក​ឧកញ៉ា លឹម ប៊ុន​ណា សារព័ត៌មាន​យើង​ពុំ​អាចទាក់ទង​សុំ​អធិប្បាយ​បានទេ​៕

124dcb