ភ្នំពេញ ៖ ស្រី្តខ្មែរមួយរូបដែលមនុស្សជាច្រើនបានស្គាល់ តាមរយៈរូបថតបីកូនតូចមួយនៅក្នុងដៃ រួម និង កូនប្រុស ស្រីឈរអមសងខាង ក្នុងទិដ្ឋភាពគួរអោយសង្វេគនោះ បានទទួលមរណភាពហើយ ក្នុងវ័យ ៨៦ឆ្នាំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ នៅទីក្រុងពែរីញើ ប្រទេស បារាំង ។ នេះបើ តាមព័ត៌មានដែលគេបង្ហោះនៅតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
រូបថតមួយសន្លឹក ដែលយើងបានឃើញនេះ អាចបង្ហាញពីកាលបរិច្ឆេទ នៃអតីតកាលដ៏ឈឺ ចាប់មួយ ដែលខណៈនោះ នៅទូទាំងកម្ពុជា កំពុងវឹកវរក្នុងពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបត្រូវបានផ្តួលរំលំ ហើយស្ត្រីរូបនេះ ត្រូវបានជម្លៀសទៅកាន់ប្រទេសទី៣ ឆ្លងកាត់តាមប្រទេស ថៃ។
បើតាមការផ្សព្វផ្សាយពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានចែកចាយ បន្តគ្នានូវ រូបថត និងព័ត៌មានស្តីពីស្ត្រីបីកូនរត់គេចពីសង្គ្រាមក្នុងអំឡុងឆ្នាំ១៩៧៩ ក្នុងឈុតសំលៀកបំពាក់ ពណ៌ខ្មៅ បីកូនតូចក្នុងដៃម្នាក់ និងឈរអមដោយកូនប្រុស ស្រី ក្នុងអាការៈស្លេកស្លាំងស្គមស្គាំង ដែលមើលទៅគួរឲ្យសង្វេគនោះ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបថតនេះ ត្រូវបានត្រូវ គេផ្សព្វផ្សាយជាសាធារណៈ រួមនិងរូបសំណាកថ្មមួយផ្ទាំង ដែលគេបានឆ្លាក់តាម លំនាំរូបថត និង ដាក់តាំងនៅសួនសាធារណៈមួយនៅប្រទេសបារាំង ដើម្បីរំលឹកពីអនុស្សាវរីយ៍ នៃការចងចាំដ៏ឈឺចាប់ ក្នុងរបបវាលពិឃាតរបស់ ប៉ុល ពត។ រូបសំណាកនេះ បង្ហាញ ពីទុក្ខសោក នៃស្ត្រី និងកុមារ កម្ពុជាដែលរងគ្រោះដោយសាររបបប្រល័យពូជសាសន៍ ប៉ុលពត និង រងគ្រោះ ដោយសារភ្លើងសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃ នៅប្រទេសកម្ពុជាផងដែរ។
យ៉ាងណាក៏ដោយ នៅមុនពេលដែលមានការផ្សព្វផ្សាយថា ស្ត្រីខាងលើនេះបានទទួល មរណភាព មានមជ្ឈដ្ឋានជាច្រើននៅតែមិនទាន់បានដឹងច្បាស់ថា គាត់កំពុងរស់នៅទីណាឲ្យពិត ប្រាកដនោះឡើយ ហើយក៏គ្មានប្រភពណាមួយចេញមកបង្ហាញរៀបរាប់ពីជីវិតពិតរបស់គាត់ នៅ មុន និងក្រោយពេលបានចាកចេញពីកម្ពុជា ទៅដល់ប្រទេសបារាំងនោះដែរ។
បើតាមហ្វេសប៊ុក ស្ត្រីវ័យចំណាស់រូបនោះឈ្មោះ តោង អូន (ថោង អូន)កើតក្នុងឆ្នាំ ១៩៣២ (១-កក្កដា ១៩៣២)នៅក្នុងរាជធានីភ្នំពេញ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក ថោង សំ និងមានកូនចំនួន ៥នាក់ ប្រុស៤ ស្រី១។
នៅក្នុងរបបគុកឥតជញ្ជាំងនៃបនប្រល័យពូជសាសន៍ ពុល ពត លោកស្រី បានទទួលរងទុក្ខ វេទនា ដូចជាប្រជាពលរដ្ឋខ្មែរទូទៅក្នុងសម័យនោះដែរ។ លុះដល់ឆ្នាំ១៩៧៩ រូបគាត់ និងកូនៗ បានរត់ភៀសខ្លួនជាមួយស្វាមី ទៅជ្រកកោនក្នងជំរុំតាមព្រំដែនថៃ ជាប់ព្រំដែនប្រទេសកម្ពុជា ក្នុង ឋានៈជាជនភៀសខ្លួន ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅរស់នៅប្រទេសបារាំងរហូតមក។
ប្រភពដដែលបង្ហាញថា កូនប្រុសតូចដែលបីនៅក្នុងដៃឈ្មោះ តោង សំណាង បច្ចុប្បន្នមាន អាយុ ៣៩ឆ្នាំ រស់នៅប្រទេសបារាំង, ក្មេងស្រី ដែលឈរនៅខាងឆ្វេងដៃ ឈ្មោះ តោង សុភាព មានអាយុ ៤២ ឆ្នាំ រស់នៅប្រទេសបារាំង ,ក្មេងប្រុសឈរនៅខាងស្ដាំដៃ ឈ្មោះ តោង សារឿន មានអាយុ ៤៧ ឆ្នាំ រស់នៅប្រទេសបារាំងជាមួយគ្នា៕