ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចប់សេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាត អង្គការសហប្រជាជាតិហើយកាលពីម៉ោងប្រមាណ ១៖០៣នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅកម្ពុជា។ក្នុងចំណោមខ្លឹមសារសំខាន់ៗជាច្រើន សុន្ទរកថានេះ បានសង្កត់ធ្ងន់ពីការជ្រៀតជ្រែករបស់ប្រទេសមហាអំណាចទៅលើប្រទេសដទៃតាម រយៈការប្រើលេស«សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសមហាអំណាចមួយចំនួនកំពុងយក «បញ្ហាសិទ្ធិមនុស្ស» ធ្វើជាខែលបិទបាំងមហិច្ឆតាពិសពុលរបស់ពួកគេ ដើម្បីមានលេសឈានចូលជ្រៀតជ្រែកលើការងារផ្ទៃក្នុងរបស់ប្រទេសដទៃ។
បញ្ហាសិទ្ធិមនុស្ស និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ត្រូវបានគេមើលឃើញជាបញ្ហាដ៏ពេញនិយម របស់ប្រទេសលោកសេរី រួមទាំងអាមេរិកផង តែងតែយកធ្វើជាលេស ដើម្បីធ្វើជាទណ្ឌកម្ម ឬឈានដល់ផ្តួលរំលំរបបដឹកនាំនៅបណ្តាប្រទេសមួយចំនួនថែមទៀតផង។
នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចគ្នាផងដែរ បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ ក្លាយទៅជាចំណោទបញ្ហាមួយ ដែលអាមេរិក និងលោកសេរីមួយចំនួនទៀតយកធ្វើបញ្ហាវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះ បានក្លាយទៅជា «បេសកកម្មដើម្បីបំពាក់អរិយធម៌» សម្រាប់ប្រទេសមានអំណាចមួយចំនួន ឬក៏អាចនិយាយបានថា ជានិយាមប្រតិបត្តិថ្មី ដែលគេយកធ្វើជាលេសសម្រាប់លូកដៃជ្រៀតជ្រែកការផ្ទៃក្នុងរបស់ប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «មជ្ឈដ្ឋានខាងក្រៅមួយចំនួន ដែលចិញ្ចឹមជាប់នូវមហិច្ឆតាប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅតែធ្វើជាមើលមិនឃើញនូវគុណភាព និងសុចរិតភាពនៃដំណើរការបោះឆ្នោតរបស់យើងតាមរយៈការចេញសេចក្តីថ្លែងការណ៍នានា ប្រឆាំងនឹង ឬ វាយប្រហារលើលទ្ធផលបោះឆ្នោតនេះ ដែលទង្វើនេះ គឺជាការប្រមាថធ្ងន់ធ្ងរចំពោះឆន្ទៈរបស់ប្រជាជនកម្ពុជា៕