ឥណ្ឌូនេស៊ី ៖ អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានបង្ហាញថា គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី បានវាយប្រហារទៅលើកោះមួយរបស់ឥណ្ឌូនេស៊ី ។ តួលេខផ្តល់ដោយមន្ត្រីសុខាភិបាល បានបង្ហាញនៅថ្ងៃទី២៩ កញ្ញា នេះថា ចំនួនអ្នកស្លាប់មានជិត៤០០នាក់ និងរបួសជាង៥០០នាក់ ចំណែកសំណង់រាប់ពាន់កន្លែង ដូចជាផ្ទះ មន្ទីរពេទ្យ សណ្ឋាគារ ផ្សារទំនើប ហើយ និងស្ពាន បានបាក់ស្រុត ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ បង្កជារលកសមុទ្រយក្សស៊ូណាមី បោកបក់វាយប្រហារលើទីក្រុងចំនួនពីរ កាលពីល្ងាចថ្ងៃសុក្រ។
បើតាមសេចក្ដីប្រកាសរបស់ភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដី ក្នុងកម្រិត ៧,៥មាត្រដ្ឋានរិចទែរ បានបណ្តាលឲ្យមានទឹករលកកំពស់ជិត ៦ម៉ែត្រ បោកវាយទៅលើទីក្រុង Palu ជាប់ឆ្នេរសមុទ្រ នៃកោះ ស៊ូឡាវេស៊ី Sulawesi របស់ឥណ្ឌូនេស៊ី។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានទទួលតួលេខពីមន្ទីរពេទ្យដែលបង្ហាញពីចំនួនអ្នកស្លាប់កើនឡើងដល់៣៨៤នាក់ និងអ្នករងរបួសធ្ងន់ ៥៤០នាក់ ដោយសារគ្រោះធម្មជាតិនេះ។
ទីភ្នាក់ងារដដែលបញ្ជាក់ថា គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី បានបំផ្លាញផងដែរ នូវព្រលានយន្តហោះ បណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលធ្វើឲ្យអាជ្ញាធរពិបាកនឹងទាក់ទងគ្នា ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់។ តាមក្រសួងសន្តិសុខជាតិឥណ្ឌូនេស៊ី ឲ្យដឹងថា យន្តហោះយោធា ដឹកជំនួយ មនុស្សធម៌បានហោះចេញរួចហើយពីទីក្រុងហ្សាកាតា ប៉ុន្តែ ប្រតិបត្តិការជួយសង្គ្រោះ មិនទាន់អាចធ្វើទៅបានដោយសារតែព្រលានយន្តហោះរបស់ទីក្រុងត្រូវបានបំផ្លាញ។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារបញ្ជាក់ថា នៅមុនពេលកើតហេតុ គេបានប្រកាសព្រមានពីករណីមានគ្រោះរលកយក្សស៊ូណាមី តែមនុស្សម្នារជាច្រើនបានស្ថិតនៅលើឆ្នេរនោះនៅឡើយ គឺមិនបានរត់គេចចេញភ្លាមៗនោះទេ។ នៅយប់ថ្ងៃសុក្រ ទី២៨ កញ្ញា មនុស្សរាប់រយនាក់បានជួបជុំគ្នា នៅលើឆ្នេរក្នុងទីក្រុង Palu ដើម្បីត្រៀមរៀបចំប្រារព្ធខួបទីក្រុង។ មន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានបង្ហាញពីការព្រួយបារម្ភផងដែរ ពីជោគវាសនារបស់មនុស្សរាប់រយ។
គួរជម្រាបថា ចំនួនអ្នករស់នៅក្នុងទីក្រុង Palu នៃកោះ Sulawesi របស់ឥណ្ឌូនេស៊ីនេះ មានប្រមាណជាង៣៥ម៉ឺននាក់៕