ខេត្តកំពង់ស្ពឺ ៖ កាសែតក្នុងស្រុកជាច្រើនផ្សាយរឿងបែកធ្លាយករណីលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ស៊ីដាច់លុយមន្ត្រីការពារការបោះឆ្នោត និងអង្កររបស់តំណាងរាស្ត្ររួចមកនោះ ថ្នាក់លើនៃស្ថាប័ននេះ បានដាក់ការស៊ើបអង្កេតហើយ។
មន្ត្រីអាវុធហត្ថខេត្តម្នាក់ បានបង្ហើបអោយដឹងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ក្រុមអធិការកិច្ច បានកំណត់ថ្ងៃចុះមកធ្វើការហើយ (គណៈកម្មចំពោះកិច្ច) ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស សំបូរធន ដេលគ្រោងនឹងចុះមកធ្វើការអធិការកិច្ចនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផ្ទាល់តែម្តង។
មន្ត្រីអាវុធហត្ថដដែលបន្តថា ការចុះអធិការកិច្ចនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នេះ ក្រោយពីបែកធ្លាយនូវព័ត៌មានស្តីពីភាពមិនប្រក្រតីមួយចំនួន ដែលបានចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ករណីស៊ីដាច់លុយការពារ របស់មន្ត្រីក្រោមឱវាទ និងអង្កររបស់តំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ កន្លងទៅ។
ប្រភពបានបន្ថែមទៀតថា ការបែកធ្លាយនេះ ត្រូវបានទម្លាយដល់ប្រព័ន្ធផ្សព្វផ្សាយនានាជាច្រើន និងបានលេចឮដល់ថ្នាក់លើ រហូតដល់ដាក់ការស៊ើបអង្កេតតែម្តង។មិនដឹងថា លោកមេបញ្ជាការខេត្ត បានប្រព្រឹត្តដូចការចោទប្រកាន់ដែរឬយ៉ាងណានោះទេ ខណៈដែលអ្នកខ្លះបានទទួលលុយ និងអ្នកខ្លះទៀតមិនបានទទួលលុយនោះមួយរៀលសោះ។
ក្រៅពីការរិះគន់ដូចខាងលនេះ លោក ជូ សារុន ក៏ត្រូវរងការរិះគន់ដែរថា បានដាក់សាច់ញាតិម្នាក់ ដែលមកពីខេត្តកោះកុង ជាមួយគ្នាអោយទៅកាន់ជាមេបញ្ជាការរងក្រុងច្បារមនផងដែរ។ ប្រភពបានបន្តទៀតថា លើសពីនេះទៀត គាត់បានបញ្ជូនប្អូនប្រុសរបស់គាត់ម្នាក់ទៀត អោយទៅដាក់កុងត្រូលដេកចាំយកលុយពីបទល្មើសផ្សេងៗ នៅចំណុចភ្នំតូច ព្រំប្រទល់ស្រុកឱរ៉ាល់ និងស្រុកថ្ពង តាមបណ្តោយផ្លូវជាតិលេខ៤៤ ដើម្បីចាំប្រមូលលុយពីឈ្មួញដឹកបទល្មើសព្រៃឈើយ៉ាអនាធិបតេយ្យ។ ដោយឡែក ខាងផ្លូវជាតិលេខ៥ ស្នាក់ការសន្តិសុខ៥៥១ ឯណោះវិញ លោក ជូ សារុន បានដាក់លោកវរសេនីយ៍ទោ គង់ វាសនា ដែលមានរហ័ស្សនាមថា មហាមេឃកំពុងធ្វើព្យុះធ្វើ ភ្លៀងសម្បើមខ្លាំងណាស់ ដូចជាដេញចាប់ឡានដឹកបទល្មើសនានា ដែលឆ្លងកាត់ស្នាក់ការសន្តិសុខ ដោយកៀបសង្កត់យកលុយមិនប្រណីដៃឡើយ។
ថ្មីៗនេះទៀត លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានស៊ីដាច់អង្ករឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលបានផ្តល់ជូនមន្ត្រីកងកម្លាំងអាវុធហត្ថ រួមនិងស៊ីដាច់លុយឧបត្ថម្ភការការពារពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ រាប់លានរៀល ផងដែរ។
ប្រភពមួយផ្សេងទៀតបានឲ្យដឹងថារឿងស៊ីដាច់លុយការពារបោះឆ្នោតនេះ បើកឲ្យតែសាច់ញាតិ និងជាខ្សែស្រឡាយជិតស្និទ្ធរបស់លោក ជូ សារុន និងបើកបានគ្រប់ចំនួនទៀតផង ក្រៅពីនោះ មិនបានទទួលឡើយ ៕
ទាក់ទងនឹងការរិះគន់ ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឆ្លើយតបយ៉ាងខ្លីតាមប្រព័ន្ឋ វ័តអាប់ ថា “វាជារឿងមិនពិតនោះទេ ហើយលោកក៏មិនបានប្រព្រឹត្តដូចការលើកឡើងខាងលើរបស់មន្ត្រីមួយចំនួននោះដែរ។
មន្ត្រីអាវុធហត្ថមួយចំនួន បានស្នើសុំឲ្យ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយ ពិនិត្យមើលទង្វើរបស់លោក ជូ សារុន ដើម្បីផ្តល់យុត្តិធម៌ផង ហើយសង្ឍឹមថា នៅថ្ងៃទី១ តុលា ខាងមុខនេះ ក្រុមអធិការកិច្ច នឹងរកឃើញការពិតជាមិនខានឡើយ៕