ខឹង​រឿងផឹកស៊ី​បើក​ធុងបាស់​ឮៗ ​កាប់​បងថ្លៃ​ដាច់​ម្រាមដៃ​អស់​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2018 ក+ ក-

 

​ភ្នំពេញ ៖ ទំនាស់​ហិង្សា​គ​ញ​រួ​សារ​មួយ ឈានដល់​ប្អូនថ្លៃ​លី​កាំបិតផ្គាក់​ទៅ​កាប់​បងថ្លៃ រងរបួស​ដាច់​ម្រាម​អស់​៣ ឯ​បងថ្លៃ​មិន​ប្រើ​ហិង្សា​សងសឹក​ទេ តែ​ប្តឹង​ទាមទារ​សំណង​ចំនួន ២.៥០០​ដុល្លា ហើយ​ដោយសារ​ប្អូនថ្លៃ​ជា​ជនដៃដល់​គ្មាន​លុយ​ឲ្យ បងថ្លៃ​ក៏​សម្រេច​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​តែម្តង កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សិ​ដ្ឋ សុខ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ជនបង្ក ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ ប៊ិន ណា​រ៉ា ហៅ​អូន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ក្បែរ​គ្នា ក្នុងភូមិ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​តាម​សម្តី​ជនរងគ្រោះ ត្រូវជា​បងថ្លៃ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខណៈដែល​ខ្លួន​រួមជាមួយ អ្នកជិតខាង បងប្អូន​មាន​គ្នា​៥​នាក់ អង្គុយ​ហូបចុក​តិចតួច​នៅមុខ​ផ្ទះ​របស់ខ្លួន ដោយមាន​ចាក់​ធុង បាស់​កំដរ​ផង​។ នៅពេលនោះ ប្អូនថ្លៃ​បាន​ដើរមក​ប្រាប់​ឲ្យ​បិទ​ធុងបាស​ដោយ​ស្រែកថា រក​ដេក​ពួន​មិនបាន តែ​មិនបាន​ប្រាប់​ឲ្យ​ស្រួល​ទេ គឺ​ប្រ​សំដី​ធំៗ ក៏​កើតជា​ទំនាស់​។ បន្ទាប់មក ប្អូនថ្លៃ​បាន​ដើរចូល​ក្នុងផ្ទះ ទាញយក​បាន​កាំបិតផ្គាក់​មួយ​ដើរ​ច​ញ​មកវិញ សំដៅ​មក​កាប់​ត្រូវ​ម្រាមដៃ​នោះ​តែម្តង បណ្តាល​ឲ្យ​រងរបួស​ដាច់​ម្រាមដៃ​ឆ្វេង​អស់​៣ ហូរឈាម​កក្លាក់ បង្ក​ឲ្យ​ភ្ញាក់​ផ្អើលឆោឡោ​សមត្ថកិច្ច​ចុះទៅ​អន្តរាគមន៍ ឃាត់​ហៅ​នាំ​ភាគី ទាំង​២ មក​និយាយ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​៣​។​

តាម​ប្រភពពី​សាច់ញាតិ​របស់​ភាគី​ទាំង​២ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវជា​បងថ្លៃ​ដែលជា​ជនរងគ្រោះ​ទាមទារ​សំណង​ចំនួន​២.៥០០​ដុល្លារ ថ្លៃ​ព្យាបាល​ដាច់​ម្រាម​៣ តែ​ប្អូនថ្លៃ​គ្មាន​លុយ ទើប​ជនរងគ្រោះ​សម្រេច​ប្តឹង សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាមច្បាប់​តែម្តង​ បច្ចុប្បន្ន ជនដៃដល់ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួនកសាង​សំណុំរឿង បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ បន្ត​តាម​នីតិវិធី ៕