៦ខែដើមឆ្នាំនេះ មានអ្នកញៀនថ្នាំជាង៣ពាន់នាក់ ចូលទទួលសេវាព្យាបាល
ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ អ្នកញៀនគ្រឿងញៀនចំនួន ៣.២៣១នាក់ បានមកទទួល យកសេវាព្យាបាលនៅតាមមូលដ្ឋាននានារបស់ក្រសួងសុខាភិបាល។ ចំនួននេះ បានកើន ឡើង១០២% បើប្រៀបនឹងឆមាសទី១ ឆ្នាំ ២០១៧ ដែលមានត្រឹម១.៥៩៦នាក់ប៉ុណ្ណោះ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ចំនួនអ្នកញៀនគ្រឿងញៀនដែលមកទទួលការព្យាបាលនៅ តាមសេវាសុខាភិបាលនានា មានចំនួន ៣.២៣១នាក់ ក្នុងនោះ បុរស ៩៣% និងស្ត្រី ៧% ពួកគេត្រូវបានបែងចែកជាពីរ គឺអ្នកញៀនប្រភេទអំហ្វេតាមីន ចំនួន ៣.១០៨នាក់ និងអ្នកញៀនប្រភេទហេរូអ៊ីន ចំនួន ១២៣។ ពួកគេទាំងអស់នោះ បានទទួលការព្យាបាលនៅតាមមន្ទីរពេទ្យជាតិ, មន្ទីរពេទ្យបង្អែក, មណ្ឌលសុខភាព, មណ្ឌលព្យាបាល និងស្ដារនីតិសម្បទាជាដើម៕