​អ្នក​លួច​ចូលទៅ​កាប់​ឈើ​ក្នុង​ដឺ​ថៃ ឆ្លើយ​ដាក់​មន្ត្រី​យោធា​ឈ្មោះ ប៉ុក សុផល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2018 ក+ ក-

​ឧ​ត្ត​រ​មានជ័យ ៖ ពលករ​មួយ​នាក់​ក្នុងចំណោម​ខ្មែរ​មួយក្រុម ដែល​ចូលទៅ​ដី​ថៃ​ខុសច្បាប់​ត្រូវបាន​យោធា​ថៃ ស្ថិតនៅក្នុង​ស្រុក​កាប់​ជើង ខេត្ត​សុ​រិ​ន​ប្រ​ទេ​ថៃ ជាប់​ព្រំប្រទល់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ចាប់ខ្លួន​ជាមួយ​វត្ថុតាង​ឈើ​ក្រញូង​មួយ​រទេះ​។ ករណីនេះ​កើតឡើង កាលពី​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ​។​

​ពលរដ្ឋ​ដែល​ត្រូវ​ថៃ​ចាប់ខ្លួនបាន មានឈ្មោះ រឿន សិលា ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ​រស់នៅ ភូមិ​អូ​ខ្លា​ឃុំ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង បាន​បង្ហើប​ថា ពួកគេ​មាន​មេខ្យល់​ចាំ​ប្រមូល​ទិញ​ឈើ ទើប​ចេះតែ​លួច​ចូលទៅ​កាប់​ម្យ៉ាង​មេខ្យល់​គេ​ជួយ​សម្រួល​ឲ្យ​ឆ្លងដែន​តាម​ច្រករបៀង​ព្រំដែន​ផង​។

បើទោះបីជាឈ្មោះ រឿន សិលា មិនបាន​និយាយ​ដល់​ឈ្មោះ​លោក ប៉ុក សុផល មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន៤០២ ក្តី ក៏​គេ​អាច​យល់បាន​ថា បើ​គ្មាន​ការឃុបឃិត​ពី​មេ​យោធា​ព្រំដែន​ទេ គឺ​គ្មាន​នរណាម្នាក់​អាច​ឆ្លងកាត់​ព្រំ​សិ​មា​បានឡើយ​។​

​សមត្ថកិច្ច​កម្ពុជា បានអោយដឹងថា នៅ​តំបន់​នេះ​មាន​ឈ្មួញ​ឈ្មោះ សាក់ និង​ឈ្មោះ ដុស ជា​មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម​ឈើ​ឆ្លងដែន និង​កៀងគរ​ឲ្យ​ពលរដ្ឋ​ស៊ីឈ្នួល ឬ​អូសទាញ​ឲ្យ​លួច​ចូលទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ ច្រើន​ឆ្នាំ​មកហើយ ចាប់ពី​បង្គោល​សិ​មា​លេខ​១៣ រហូត​នៅក្នុង​តំបន់​ទិស​ទី​៣ ទាំងមូល​តែម្ដង​។​

​ប្រភព​ដដែល​បន្តថា បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​ជាច្រើន​ឆ្នាំ​មកនេះ គឺ​ដោយសារតែ​មានការ​ឃុបឃិត​គ្នា​ជាមួយ​កងកំលាំង​ឈរជើង​តាម​ព្រំដែន​ខាងលើ ជាពិសេស​នៅ​តំបន់​វរៈ​ការពារ​ព្រំដែន​៤០២ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន ៤០២ របស់​យោធភូមិភាគ​ទី​៤​។​

​ជុំវិញ​ករណី​ខាងលើនេះ ភ្នាក់ងារ​ព័ត៌មាន មេគង្គ​ប៉ុស្តិ៍ មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ប៉ុក សុផល បាន​នៅ​ឡើ​ទេ​៕