បង្ក្រាប​ការជួញដូរ​អាវុធ​នៅ​កម្ពុជា ចាប់​ខ្លូន​៨​នាក់ រឹបអូស​កាំភ្លើង ២៨​ដើម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2018 ក+ ក-

​ភ្នំពេញ ៖ មនុស្ស​ចំនួន​៨​នាក់ ត្រូវបាន​ប៉ូលិស​តាម​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេងគ្នា​ជា​បន្តបន្ទាប់ និង​រឹបអូស​កាំភ្លើង​ប្រភេទ AK ស្វាយ​បត់​ចំនួន ២៨​ដើម ចំណែក​មេក្លោង​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​បន្តទៀត​។​

ប្រតិបត្តិការ​សម្ងាត់​នេះ ត្រូវបាន​អនុវត្ត​យូរ​មកហើយ ហើយ​ការបង្ក្រាប​ចុងក្រោយ​ចាប់តាំងពី​ថ្ងៃទី​២៨ ខែកញ្ញា មកនេះ ដោយ​ចាត់ទុកថា​ជា​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់​ប្រឆាំង នឹង​រាជរដ្ឋាភិបាល កម្ពុជា​។ រីឯ​មេក្លោង និង​បក្ខពួក​មួយចំនួនទៀត សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។

​នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឃឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​នាយសេនាធិការ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ នេះ​។​

​បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តពោធិ៍សាត់​។ អាវុធ​ដែល​ដកហូត គឺ​​ប្រភេទអាកា​ស្វាយ​បត់​ចំនួន ២៨​ដើម​។ ក្នុងនោះ ជនសង្ស័យ​បាន​កប់​លាក់ទុក​នៅក្នុង​ដី ស្ថិតនៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំនួន​២៥​ដើម​, នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ខេត្តកំពត រកឃើញ​កាំភ្លើង​ចំនួន​២​ដើម និង​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រកឃើញ​កាំភ្លើង​ចំនួន​១​ដើម​៕