នាយករដ្ឋមន្ត្រី​កម្ពុជា ថា «​ស្អប់​ចោរលួច​កាប់​ឈើ និង​បញ្ជា​ឲ្យ​បាញ់​ពីលើ​ឧទ្ធម្ភាគចក្រ​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2018 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ខ្លាំងៗ​ថា «​ខ្ញុំ​ស្អប់​ខ្លាំងណាស់​ចំពោះ​ក្រុម​ចោរលួច​កាប់​ព្រៃឈើ​» ។ សម្តេច​ក៏បាន​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ចាប់​ក្រុមចោរ​កាប់​ឈើ​ទាំងនោះ ហើយ​ជាថ្មី​ម្តងទៀត បាន​បញ្ជា​ឲ្យ​ឧទ្ធម្ភាគចក្រ​តាមដាន​ជន​ដែល​ចូល​លួច​កាប់​ព្រៃឈើ ហើយ​បាញ់​ពីលើ​ឧទ្ធម្ភាគចក្រ​តែម្តង​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បែបនេះ ខណៈ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​-​អាមេរិកាំង​នៅ​សហរដ្ឋអាមេរិក​នា​ថ្ងៃទី​៣០ ខែកញ្ញា គ្រា​ដែល​ស​ម្តេចទៅ​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក ចាប់តាំងពី ថ្ងៃ ទី​២៧ ដល់ទី​៣០ ខែកញ្ញា នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​ខ្ញុំ​ទទួលស្គាល់​អាចោរ​លួច​កាប់​ព្រៃឈើ ខ្ញុំ​កំពុង​ឲ្យ​ឧទ្ធម្ភាគចក្រ​បាញ់​ពីលើ​ផង​ឥឡូវ​ហ្នឹង​។ ខ្ញុំ​ស្អប់​អាចោរ​លួច​កាប់​ឈើ ក៏ប៉ុន្តែ​ករណី​រាប់លាន​ហិកតា ដែល​ប្រជាពលរដ្ឋ​ទៅ​កាប់​ដើម្បី​ធ្វើស្រែ​ចម្ការ អាហ្នឹង​វា​ជាការ​បាត់បង់​ព្រៃឈើ​។ ដី​ហ្នឹង​អាណា​ជីក​យកទៅ​ណា វា​នៅ​ហ្នឹង រាប់ទាំង​ពួក​ប្រឆាំង​ផង​ហ្នឹង​»​។​

​ប៉ុន្តែ​អតីតមន្ត្រី​បក្សប្រឆាំង​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ថ្លែងថា វិធានការ​របស់​រដ្ឋា​ភិ​បាល​ពុំមាន​ប្រសិទ្ធភាព ដោយសារ​មន្ត្រី​មានអំណាច​មួយចំនួន​ការពារ​អ្នករកស៊ី​ឈើ​ធំៗ ហើយ​ចំណាត់ការ​ប៉ុន្មាន​ឆ្នាំមុន​ក៏​ដូចគ្នា​ដែរ ប្រើ​សុទ្ធតែ​កងកម្លាំងប្រដាប់អាវុធ​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ និង​គណៈកម្មការ​ដើម្បី​ត្រួតពិនិត្យ និង​ចាត់វិធានការ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ពុំមាន​ការកាត់ទោស​អ្នករកស៊ី​ឈើ​ធំៗ​ណា​ម្នាក់​ឡើយ​៕