លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រហូតមកដល់ម៉ោង ៣ រសៀលថ្ងៃទី១ តុលា ម្សិលមិញនេះ មានប្រជាជនប្រមាណ ១១៥ ខ្នងផ្ទះបានធ្វើការផ្លាស់ទីទៅបោះទីតាំងបណ្តោះអាសន្នបណ្តើរៗហើយ បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យប្រជាជនប្រមាណជាង ២ ពាន់គ្រួសារ ក្នុងនោះមានជនជាតិវៀតណាម និងជនជាតិខ្មែរអ៊ិស្លាម ដែលរស់ នៅលើផ្ទះបណ្ដែតទឹក ធ្វើការជម្លៀសផ្លាស់ទីឲ្យអស់នៅចុងឆ្នាំ២០១៩ ដើម្បីកែលម្អឲ្យទឹកទន្លេស្អាតឡើងវិញ។
លោក ស៊ុន សុវណ្ណរិទ្ធ បានបញ្ជាក់ថា «ពួកគាត់ធ្វើការផ្លាស់ទីនេះ ដោយម្ចាស់ការ ដោយខ្លួនគាត់។ គាត់អូស ផ្ទះបណ្តែតទឹកដោយស្ម័គ្រចិត្តខ្លួនគាត់ ហើយគ្រាន់តែយើងជួយសម្របសម្រួលជួយការពារសន្តិសុខជូនគាត់។ លោក ថា យើងមានការរៀបចំកម្លាំងជួយតទឹក តភ្លើង និងត្រៀមសន្តិសុខការពារសណ្តាប់ធ្នាប់ជូនគាត់ ហើយយើងមានក្រុមការងារជួយសម្របសម្រួលជូនគាត់នៅពេលគាត់មានការខ្វះខាត»៕