ភ្នំពេញ ៖ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីក្រសួងមហាផ្ទៃបាន បញ្ជាក់នៅថ្ងៃទី២ តុលា នេះថា ជនជាតិចិនចំនួន១០៣នាក់ ត្រូវបានឃាត់ខ្កួនកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងបទល្មើសជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ក្នុងនោះមាន១២នាក់ គឺពួកគេ បាន ប្រព្រឹត្តបទល្មើសនៅប្រទេសចិន ហើយមកសំងំលាក់ខ្លួននៅរាជធានីភ្នំពេញ និង៩១នាក់ទៀត បានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រព្រឹត្តបទល្មើស។
លោក អ៊ុក ហៃសីឡា បញ្ជាក់ថា គិតមកដល់ពេលនេះ មានជនជាតិចិនជិត ២ពាន់នាក់ ហើយ ដែលប្រព្រឹត្តិបទល្មើស និងបញ្ជូនទៅប្រទេសចិនវិញ។ដោយឡែក ក្នុងចំណោមជនជាតិចិន ចំនួន១០៣នាក់ ដែលបានឃាត់ខ្លួននោះ មានចំនួន ៩១នាក់ ពាក់ព័ន្ធការយកកម្ពុជាធ្វើជាទីតាំងដើម្បីជម្រិតទារប្រាក់ពីជនជាតិចិនដូចគ្នាដែលកំពុងរស់នៅប្រទេសចិន។ លោក ថា ជនជាតិចិន ទាំង១០៣ នាក់នោះ នឹងត្រូវបញ្ជូនចេញពីរាជធានីភ្នំពេញ តាមរយៈយន្តហោះដែលរដ្ឋាភិបាលចិនបញ្ជូនមកទទួលដឹកចេញយកទៅ នៅយប់ថ្ងៃទី៤ និងថ្ងៃទី១០ ខែតុលា ខាងមុខនេះ៕