ខេត្តកំពង់ចាម ៖ ក្រុមមន្ត្រីកាំកុងត្រូលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែតុលានេះ បានចុះប្រតិបត្តិការត្រួតពិនិត្យចំណីអាហារដែលអាជីវករដាក់តាំងលក់នៅជុំវិញផ្សារ និងក្នុងផ្សារស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោក ស៊ាន ស៊ីណាត ប្រធានកាំកុងត្រូលខេត្តកំពង់ចាម ដែលដឹកនាំប្រតិបត្តិការនេះ បានបញ្ជាក់ឲ្យដឹងថា ថ្មីៗនេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានរៀបចំមន្ត្រីជំនាញ និងឧបករណ៍ពិសោធន៍ ចុះប្រតិបត្តិការ និងប្រចាំការតាមទីផ្សារគោលដៅសំខាន់ៗ ចំនួន៨ ក្នុងរាជធានីភ្នំពេញ។ គោលបំណង គឺដើម្បីត្រៀមធ្វើអន្តរាគមន៍ឆ្លើយតបបន្ទាន់ចំពោះហេតុការណ៍ចាំបាច់ ដោះស្រាយបញ្ហា ឬបាតុភាពជាយថាហេតុណាមួយរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ការអប់រំលើកកម្ពស់ការយល់ដឹង ជូនអ្នកប្រើប្រាស់ អាជីវករ អ្នកលក់ដូរ អំពីបញ្ហាគុណភាព សុវត្ថិភាពផលិតផលទំនិញផងដែរ។ ដោយឡែក កាំកុងត្រូល ខេត្តកំពង់ចាម ក៏ត្រូវអនុវត្តតាមគោលការណ៍ដូចគ្នា ដោយត្រូវរៀបចំផែនការដើម្បីចុះត្រួត្យពិនិត្យគុណភាពម្ហូបអាហារជាប្រចាំ និងណែនាំដល់បងប្អូនអាជីវករ ឲ្យបានយល់ច្បាស់ពីការទទួលខុសត្រូវរាល់មុខទំនិញដែលខ្លួនបានដាក់តាំងលក់ ពិសេសគឺកាលបរិច្ឆេទប្រើប្រាស់ និងការហួសកំណត់ប្រើប្រាស់ ដែលចាំបាច់មិនត្រូវបន្តដាក់លក់ទៀតឡើយ។
លទ្ធផលនៃការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ចាម បានដកហូតនូវទំនិញខូចគុណភាព និងហួសកំណត់ប្រើប្រាស់ជាច្រើនមុខ ដើម្បីយកទៅកម្ទេចចោល មានដូចជា ភេសជ្ជៈ គ្រឿងកំប៉ុង គ្រឿងទេស និងនំចណីកញ្ចប់ជាច្រើនមុខផ្សេងទៀតផង។
លោក ស៊ាន ស៊ីណាត ប្រធានកាំកុងត្រូលខេត្តកំពង់ចាម ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ និងអាជីករ បើមានចម្ងល់ ឬមានបញ្ហាពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ គឺអាចទាក់ទងផ្ទាល់ជាមួយមន្ត្រីកាំកុងត្រូល ដែលកំពុងប្រតិបត្តិការនៅតាមបណ្តាផ្សារ។ លោក ក៏បានផ្តាំផ្ញើផងដែរ ដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះករណីពុលអាហារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕