ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្រា បានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ សំរាមនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងប្រមាណ ១០% ក្នុងមួយឆ្នាំ ដោយសារកំណើនប្រជាជន ការផ្លាស់ប្តូររបៀបនៃការរស់នៅ និងការវេចខ្ចប់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ហើយការយល់ដឹងពីការញែកសំរាមតាមប្រភេទសំរាមស្របតាមគោលការណ៍បច្ចេកទេសនៅមានកម្រិតនៅឡើយ។
លោកថា តាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៧ កន្លងទៅ បរិមាណសំរាម សំណល់រឹងទីប្រជុំជន ដែលបានបង្កើតគឺប្រហែលជាង ៣លាន ៦សែន ៥ម៉ឺនតោន ឬប្រមាណជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ នៅរាជធានីភ្នំពេញមានប្រមាណជិត ៣ពាន់តោនក្នុងមួយថ្ងៃ នៅក្រុងសៀមរាម សំរាមដែលត្រូវបានបង្កើតឡើ ងមាន ប្រមាណជិត ៣៥០ទៅ៤០០ តោននៅក្នុងមួយថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី ៦០០ ទៅ ៦៥០ តោន នៅក្នុងមួយថ្ងៃ៕