ភ្នំពេញ៖ បន្ទាប់ពីទទួលការរិះគន់យ៉ាងចាស់ដៃពីទស្សនិកជន ពិសេសអ្នកលេងហ្វេសប៊ុក ចំពោះខ្លឹមសារក្នុងកម្មវិធី« ពេញចិត្ត ឬអត់ ? ថ្ងៃអាទិត្យ » របស់ស្ថានីយ៍ទូរទស្សន៍ Mytv ដែលបានយកទឹកចិត្តនឹកអាល័យម្តាយរបស់ក្មេងស្រីម្នាក់ មកសំដែងជាការលេងសើចនៅលើវេទិកាកាលពីថ្ងៃទី១១ ខែឧសភា។ ក្រុមការងារកម្មវិធីនេះ បានសរសេរលិខិតសុំអភ័យទោសជាសាធារណៈដល់ប្អូនស្រី Atumn Allen។
លិខិតដែលមានហត្ថលេខាតែគ្មានឈ្មោះ បានសរសេរថា ក្រុមការងារកម្មវិធី«ពេញចិត្តឬអត់?ថ្ងៃអាទិត្យ»មានការសោកស្តាយជាពន់ពេក ចំពោះកំហុសដោយអចេតនាដែលកើតមានឡើងនៅក្នុងកម្មវិធីនេះ និងដែលបានធ្វើឲ្យប្អូនស្រីAllen រន្ធត់ចិត្តរហូតដល់ស្រក់ទឹកភ្នែក និងមានការខកចិត្តចំពោះក្តីរំពឹងទុកថា នឹងបានជួបម្តាយដែលបានបែកគ្នាអស់រយៈពេល១៣ឆ្នាំមកហើយ។
លិខិតដដែល បានបន្តថាក្រុមការងារ និងថ្នាក់ដឹកនាំកម្មវិធីពេញចិត្តឬអត់?ថ្ងៃអាទិត្យ មានការសោកស្តាយជាខ្លាំង ចំពោះកំហុសដោយអចេតនានេះ ហើយយើងខ្ញុំក៏សុំអភ័យទោសចំពោះប្អូនស្រី និងក្រុមគ្រួសារ របស់ប្អូនស្រី ព្រមទាំងសាធារណជនទាំងឡាយផងដែរ ។ ដើម្បីបញ្ជាក់ពីសណ្តានចិត្តស្មោះត្រង់ ក្រុមការងារកម្មវិធីក្រុមការងារកម្មវិធីពេញចិត្តឬអត់?ថ្ងៃអាទិត្យ នឹងធ្វើដំណើរទៅកាន់គេហដ្ឋានប្អូនស្រីAllen ដើម្បីសុំអភ័យទោសដោយផ្ទាល់ចំពោះប្អូនស្រី និងក្រុមគ្រួសារប្អូនស្រីផងដែរ។
គួររំលឹកថា ក្នុងទិវាអ្នកម្តាយពិភពលោក ទូរទស្សន៍ Mytv បានបង្កើតកម្មវិធីដូចខាងលើនេះឡើង។ ពិធីករពីររូបបានប្រើសំណួរចូលជ្រៅក្នុងអារម្មណ៍របស់ប្អូនស្រី Allen ខណះដែលនាងបានឃ្លាតឆ្ងាយពីម្តាយអស់រយះពេល១៣ឆ្នាំមកហើយនោះរហូតដល់នាងរំភើបស្រក់ទឹកភ្នែក ។ពិធីករបានលើកឡើងថា នាងនឹងបានជួបជាមួយម្តាយរបស់ខ្លួននៅពេលបន្តិចទៀតនេះ។ប៉ុន្តែគួរឲ្យសោកស្តាយ ព្រោះទាំងប្អូនស្រី Allen ក៏ដូចជាទស្សនិជនគ្រប់មជ្ឈដ្ឋានដែលកំពុងតាមដានទាំងអារម្មណ៍រន្ធត់ និងសាទរ បានប្រែក្លាយជារឿងលេងសើចទៅវិញ គឺតារាប្រុស រ៉ូលីន បានតែងខ្លួនជាស្រីសំដែងតួជាម្តាយនាង Allen ធ្វើឲ្យមានការខកចិត្ត និងចំអករិះគន់ដល់អ្នកផលិតកម្មវិធីគ្រប់ៗគ្នា៕