ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា បានជូនដំណឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ថា ក្លឹបអ្នកកាសែតកម្ពុជា ( ក.អ.ក ) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ( EUROCHAM ) នឹងរៀបចំបើកវេទិកាអ្នកសារព័ត៌មានមួយ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នេះ នៅសណ្ឋាគារ សាន់វេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមប្រធានបទ «ជំនួញ និងកិច្ចអភិវឌ្ឍន៍»។
លិខិតជូនដំណឹងដដែលបញ្ជាក់ថា ការរៀបចំវេទិកាអ្នកសារព័ត៌មានខាងលើនេះ ក្នុងគោលបំណងជួយដល់អ្នកសាព័ត៌មានបានស្វែងយល់ដឹងអំពីសកម្មភាព រួមទាំងអត្ថប្រយោជន៍សំខាន់ៗ នៃវិនិយោគិនមកពីប្រទេសជាសមាជិកសភាអឺរ៉ុប ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
តាមរយៈវេទិកានេះដែរ អ្នកសាព័ត៌មាននឹងបានស្វែងយល់ដឹងថា តើមានវិនិយោគិនមកពីប្រទេសជាសមាជឹក សភាអឺរ៉ុប ចំនួនប៉ុន្មានដែលបោះទុន វិនិយោគនៅកម្ពុជា តើកម្ពុជាបានទទួលផលប្រយោជន៍សេដ្ធកិច្ច និងសង្គមអ្វីខ្លះ ពីប្រតិបត្តិការនៃក្រុមហ៊ុនអឺរ៉ុបទាំងនោះ?។
សូមបញ្ជាក់ថានៅក្នុងវេទិកាអ្នកសាព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពី លោក George EDGAR ឯកអគ្គរដ្ឋទូត សហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា និងលោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា រួមនិងអ្នកសារព័ត៌មានមួយចំនួនទៀតផងដែរ៕