ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ២១៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ សម្រាប់សាធារណជនទាំងអស់ ដើម្បីសម្រួលដល់ការចំណាយក្នុងការធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ នេះបើយោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។
រថយន្តទាំង២១៥គ្រឿង ត្រូវបានបែងចែកជាពីផ្នែក គឺនៅភ្នំពេញ បានដាក់រថយន្តចំនួន ៩៥ គ្រឿង សម្រាប់ដំណើរការដូចធម្មតារយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ទី១០ ខែតុលា ឆ្នាំ២០១៨ និង ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជួនប្រជាពលរដ្ឋទាំងអស់ ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ១១ ខែតុលា ឆ្នាំ២០១៨ ដោយចេញដំណើរចាប់ពីម៉ោង ៥:៣០ នាទីព្រឹក៕