ភ្នំពេញ ៖ អង្គការ ជេម៉ាស់ របស់ប្រទេសជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមផ្តល់ជំនួយឥត សំណងចំនួនជិត ៤២ម៉ឺនដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ស៊ីម៉ាក់ សម្រាប់គម្រោងលើកកម្ពស់ ការអភិវឌ្ឍសហគមន៍ រួមជាមួយនឹងការបោសសំអាតមីន នៅក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ពិធីចុះហត្ថេលេខាលើកិច្ចសន្យាជំនួយឥតសំណងរបស់អង្គការក្រៅរដ្ឋា ភិបាលជប៉ុននេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ តុលា នៅបញ្ជាការដ្ឋា នស៊ីម៉ាក់ ដោយមានលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងលោក សាកុ ណាហ្គាតូហ្ស៊ី ប្រធានតំណាងអង្គការ JMAS។ លោក ហេង រតនា បានបញ្ជាក់ថា នេះជាគម្រោងទី២ដែលស៊ីម៉ាក់ ទទួលបានពីជេម៉ាស់ ដោយគម្រោងនេះនឹងចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខ គ្រោងរំដោះផ្ទៃដីដែលមានមីនប្រមាណ ៣០០ហិកតា ជាមួយនឹងការអភិវឌ្ឍផ្លូវមួយចំនួនទៀតនៅតំបន់នោះ។
លោក សាកុ ណាហ្គាតូហ្ស៊ី ប្រធានតំណាងអង្គការ JMAS បានបញ្ជាក់ថា សម្រាប់គោលដៅនៃគម្រោង JMAS គឺផ្តោតទៅលើការបោសសំអាតមីន និង កាកសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមបណ្តោយព្រំដែនថៃ ដែលជាតំបន់ស្មុកស្មាញ និងស្ថិតនៅក្នុងកម្រិតគំរាមកំហែងខ្ពស់ ដូច្នោះការបណ្តុះបណ្តាល កងអនុសេនាតូចរបស់ស៊ីម៉ាក់នូវបច្ចេកទេសចម្រុះក្នុងការបោសសំអាតមីនជាការចាំបាច់ ហើយត្រូវពន្លឿនការបោសសំអាត និងការប្រមូលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ធ្វើឲ្យតំបន់នោះមានសុវត្ថិភាព។ លោកអះអាងថា ជេម៉ាស់ នឹងនៅតែបន្តផ្តល់ជំនួយ និងជួយគាំទ្រដល់ស៊ីម៉ាក់ ដល់កិច្ចដំណើរការរំដោះផ្ទៃដីដែលមានមីននៅកម្ពុជាផងដែរ៕