ព្រះសីហនុ ៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា «បញ្ហាគេចោទខ្ញុំថា ប្រព្រឹត្តអំពើពុករលួយដែលអនុញ្ញាតឲ្យគេសាងសង់ខុសច្បាប់ គេថា គេចេះតែថាទៅ ខ្ញុំមិនអាចទៅបិទមាត់ពួក គេបានទេ ខ្ញុំគ្មានបានប្រព្រឹត្តអំពើពុករលួយអ្វីទេ។ កន្លងមកយើងចេះតែយោគយល់ដល់ភ្ញៀវគេមកវិនិយោគប្រទេសយើង អីចឹង យើងចេះតែជួយសម្រួលទៅ ប៉ុន្ដែបើមានការណែនាំអ៊ីចឹង ខ្ញុំគ្រាន់តែអនុវត្តតាមហ្នឹងទៅ»។
លោក យន្ត មីន បានថ្លែងបែបនេះ នៅក្រោយពេលដែលក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរកឃើញសំណង់មួយចំនួននៅខេត្តព្រះសីហនុ បាន និងកំពុងសាងសង់ និងខ្លះទៀតបានសង់ហើយរួចរាល់ ដោយមិនមានលិខិតអនុញ្ញាតជាផ្លូវការ គឹមានត្រឹមតែលិខិតគោលការណ៍ឱ្យដំណើរការប៉ុណ្ណោះ ដែលករណីនេះ ត្រូវបានមន្ត្រីអាជ្ញាធរអះអាងថា ដើម្បីសម្រួលពេលវេលាជូនវិនិយោគិន។
សូមជម្រាបថា តាមលិខិត ១ ចុះថ្ងៃទី៣ ខែតុលា លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជម្រាបជូនលោក យន្ត មីន អភិបាលខេត្តព្រះសីហនុក្នុងកម្មវត្ថុថា «ការបញ្ឈប់ផ្តល់គោលការណ៍ឱ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច»នៅខេត្តព្រះសីហនុ គឺផ្ទុយពីអនុក្រឹត្យលេខ ៨៦ អនក្រ.បក ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់បណ្តាលឱ្យមានបទល្មើសសំណង់ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សោភណភាព និងគុណភាពសំណង់។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា លោកនឹងអនុវត្តតាមការណែនាំនេះ និងសុំអនុសាសន៍បន្ថែមប្រសិនបើមានកិច្ចការចាំបាច់។ លោកថា ខ្វះចន្លោះកន្លងមកគឺដើម្បីសម្រួលពេលដល់វិនិយោគិនព្រោះបើចាំច្បាប់ពេញលេញនឹងត្រូវចំណាយពេលយូរ។
គួរជម្រាបថា កាលពីសប្តតាហ៍មុន ក្រសួងរៀបចំដែនដីកាលពីក៏ បានបង្កើតក្រុមការងារចម្រុះ ៦ ក្រុមឲ្យចុះតាមដាន និងត្រួតពិនិត្យការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុ និងធ្វើរបាយការណ៍ផ្ញើជូនអគ្គនាយកដ្ឋានរៀបចំដែនដីដើម្បីពិនិត្យវិនិច្ឆ័យ៕
( សំណង់ខុសច្បាប់របស់ លោក តាំង សុខុម ថៅកែទិញលក់បង្គា ក្តាម ត្រីសមុទ្រតំបន់ ផ្លូវចូលកោះព្រាប.អាជ្ញាធរខេត្តកំណត់ឲ្យធ្វើការរុះរើចេញវិញឲ្យអស់ រយៈពេល១៥ថ្ងៃ)