ភ្នំពេញ ៖ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា តាមពេលវេលាសមស្របណាមួយ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួបដាច់ដោយឡែកនោះសម្តេច ហ៊ុន សែន ក៏បានអញ្ជើញលោក ស៊ីនហ្សូ អាបេ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានទទួលយកការអញ្ជើញនេះ ហើយលោកថ្លែងថា លោកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា មិនបានបញ្ជាក់លំអិតទាក់ទងនឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ខណៈប្រទេសលោកខាងលិច បន្តរិះគន់ពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែច្បិចយកបញ្ហាការរំលាយបក្សប្រឆាំង ធ្វើជាមូលហេតុប៉ុណ្ណោះ ៕