ពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ ខណៈកំពុងស្រវិងស្រាហើយទៅឈរត្រៀមថតរូប សែលហ្វី ក្នុងថ្ងៃភ្ជុំបិណ្ឌ ស្រាប់តែរអិលជើងធ្លាក់ទឹកជ្រោះធម្មជាតិមួយកន្លែង មានកម្ពស់ប្រមាណ១០ម៉ែត្រ មកក្រោម បោកក្បាលនឹងផ្ទាំងថ្មស្លាប់តែម្តង។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ ចំណុចទឹកធ្លាក់ធម្មជាតិថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ កយ ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកអធិការ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជួបជុំគ្នាផឹកស្រាស្រវឹង ហើយបម្រុះទៅថតរូប សែលហ្វី នៅចំណុចកើតហេតុខាងលើ ភ្លាមៗនោះមិនទាន់បាន សែលហ្វី ផង ជនរងគ្រោះក៏រអិលជើងធ្លាក់ចូលជ្រោះ ដែលមានជម្រៅប្រមាណ១០ម៉ែត្រ រួចបោកក្បាលជាមួយថ្មចូលទឹកបង្កឲ្យមានការភ្ញាក់ផ្អើល និងនាំគ្នារាវរកជិត១ម៉ោង ទើបប្រទះឃើញជមរងគ្រោះបានទៅហើយ។
ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ច បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕