បន្ទាយមានជ័យ ៖ កំណាត់ផ្លូវលំមួយខ្សែក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ត្រូវបានបុគ្គលម្នាក់ដែលគេស្គាល់ថាឈ្មោះ អ៊ុយ ឆាយ បើកការសាងសង់សំណង់រឹងមាំដ៏ធំមួយរំលោភយកដីផ្លូវនោះទាំងស្រុង តែស្ថាប័នពាក់ព័ន្ធសុទ្ធតែបានពន្យល់ពីករណីនេះដោយពង្វាង និងរុញដាក់គ្នា មិនឃើញមានវិធានការទប់ស្កាត់នោះឡើយ ធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់ថា មានការឃុបឃិតជាប្រព័ន្ធទើបអាចធ្វើទៅបាន។
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ ប្រជាពលរដ្ឋដែលរស់នៅចំណុចក្រោយ” គ្លីនិក នគររាជ ” ស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់ បណ្តាញសារព័ត៌មានថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែឃើញសកម្មភាពរបស់ បុគ្គល ម្នាក់ឈ្មោះ អ៊ុយ ឆាយ បានលួចឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងការទិញដីគម្រោងផ្លូវ ដើម្បីសាងសង់សំណងរឹងមាំធ្វើជាអាគារច្រើនជាន់សំរាប់ជួល និងធ្វើអាជីវកម្មផ្សេងៗផ្ទាល់ខ្លួន ដែលធ្វើអោយពួកគាត់បាត់បង់ផ្លូវសំរាប់ធ្វើដំណើរចេញចូលទាំងស្រុង។ ប្រភពដដែលបន្តថា មិនដឹងជាពួកគេទទួលបានសិទ្ធិពីថ្នាក់ណាមកទេ បានជាហ៊ានសង់អាគារដ៏ស្កឹមស្កៃលើផ្លូវសាធារណៈយកធ្វើជាកម្មសិទ្ធិឯកជនបែបនេះ តើឲ្យពលរដ្ឋធ្វើដំណើរទៅតាមណា បើគេសង់សណ្ឋាគារលើផ្លូវនោះបាត់ទៅហើយ។
លោក ចូវ សុភឿក ប្រធានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត បានអះអាងថា សំណង់សណ្ឋាគារ របស់លោក អ៊ុយ ឆាយ ដែលកំពុងសាងសង់នៅក្រោយពេទ្យនោះ គឺមានច្បាប់សាងសង់ ត្រឹមត្រូវ តែចំពោះថា សាងសង់លើដីផ្លូវអីនោះ គួរតែសួរទៅខាងអាជ្ញាធរ ហើយបើអាជ្ញាធរចុះធ្វើការបង្ក្រាប គឺខាងជំនាញនឹងចូលរួម។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានលើកឡើងថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេ ក៏ឈ្មោះ អ៊ុយ ឆាយ មិនអាចទិញដីផ្លូវ ឬបើកការដ្ឋានសំណង់រឹងមាំនៅកណ្តាលក្រុងប៉ោយប៉ែត នេះបានដែរ។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ដែលធ្លាប់តែអះអាងនាពេលកន្លងមកថា រាល់សំណង់ទាំងឡាយណាដែលសាងសង់រំលោភលើផ្លូវសាធារណៈ និងដីចំណីផ្លូវ ឬលើដីសាធារណៈ លោកនឹងចាត់វិធានការលុបបំបាត់ទៅតាមផ្លូវច្បាប់ តែមិនទាន់ដឹងថា សំណង់លើផ្លូវរបស់ឈ្មោះ អ៊ុយ ឆាយ នេះ លោកអភិបាលក្រុងប៉ោយប៉ែត ហ៊ានចាត់វិធានការដែរឬយ៉ាងណាទេ ? រង់ចាំមើលទាំងអស់គ្នា ! ៕ ដោយ ៖ ភិរ៉ាន