ព្រះរាជជីវប្រវត្តិរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដែលបង្ហោះក្នុងគេហទំព័ររបស់ព្រះអង្គ បង្ហាញថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត ( កើត ) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ព្រះអង្គ ជាព្រះរាជបុត្រារបស់ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសិក្សានៅសាលាបឋមសិក្សា នរោត្តម និងវិទ្យាល័យ ដេកាត នៅភ្នំពេញ ក្នុងឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២។ ចាប់ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៧ ព្រះអង្គបានសិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាត ក្នុងប្រទេសឆេកូស្លូវ៉ាគី។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសិក្សាផ្នែកសិល្បះ របាំ តូរ្យតន្ត្រី ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាត ក្នុងប្រទេសឆេកូស្លូវ៉ាគី
-១៩៦៧-១៩៧១។ នៅឆ្នាំ១៩៧០ ព្រះអង្គទ្រង់ទទួលបានមធ្យមសិក្សាប័ត្រ នៅប្រាត ក្នុងនិទ្ទេសល្អណាស់។ ក្នុងឆ្នាំ១៩៧១ ព្រះករុណា ក៏ទទួលបានជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាត។
-១៩៧១-១៩៧៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសិក្សានៅសាកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាត។ នៅឆ្នាំ១៩៧៥ ព្រះអង្គទ្រង់ទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈ តន្ត្រីប្រាត។
-១៩៧៥នោះដែរ ព្រះករុណាក៏ទ្រង់បានព្រះរាជនិពន្ធនិក្ខេបបទ ស្តីពី ទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា។
-១៩៧ -១៩៧៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសិក្សាឧត្តមសិក្សាខាងផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
-១៩៧៦-១៩៧៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហម ជាមួយព្រះវររាជបិតា និងព្រះវររាជមាតា រួមទាំងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រៈពង្ស។
-១៩៧-១៩៨០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ជាព្រះលេខាផ្ទាល់របស់ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន។
-១៩៨១-២០០០ ព្រះអង្គទ្រង់ជាសាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈ នៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A. MOZART នៅទីក្រុងប៉ារីស ប្រទេសបារាំង។
-១៩៨៤-១៩៨៨ នៅប្រទេសបារាំង ព្រះករុណា បានគង់ជាប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាលេ “DEVA”។
-១៩៨៨-១៩៩៣ ព្រះករុណា ទ្រង់គង់ជាអគ្គនាយក និងជានាយក សិល្បៈនៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត”។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេ ចំនួនពីររឿង៖ ១- រឿង សុបិន្ត និងរឿងទី២- ធាតុទាំង៤។
-១៩៩២-១៩៩៣ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ត្រូវបានក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។
-១៩៩៣-២០០៤ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់គង់ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការយូណេស្កូ។ នៅឆ្នាំ២០០៤ ព្រះករុណា ទ្រង់គង់ជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសា បារាំង។
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានព្រះមហាក្សត្រ ប្រោសប្រទានតម្លើងព្រះគោរម្យ៍ងារជា ស្តេចក្រុមឃុន។ ព្រះមហាក្សត្រ បានប្រោសប្រទានតែងតាំងព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៣។
ព្រះមហាក្សត្រ ក៏បានប្រោសប្រទានតម្លើងព្រះគោរម្យ៍ងារ ថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជា សម្តេចព្រះបរមនាថ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤។
ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្រៅពីភាសាជាតិ ព្រះអង្គចេះភាសាបារាំង ភាសាឆេក និងភាសាអង់គ្លេស។ ព្រះករុណា ទ្រង់ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ទទួលបានគ្រឿងឥស្សរិយយស Grand Officier De La Legion D’honneur នៃសាធារណរដ្ឋបារាំង និង Medaille D’argent De La Ville De Paris នៃសាធារណរដ្ឋបារាំង៕