ភ្នំពេញ ៖ ស្រីស្អាតម្នាក់រស់នៅខេត្តឧត្តរមានជ័យ ទំនងជាមិនអាចទ្រាំនឹងការឈឺចាប់បន្តទៀតបាន បន្ទាប់លង់នឹងការឆបោករបស់បុរសកូនបីម្នាក់ ក៏បានសម្រេចចិត្តកាត់កេរ្តិ៍កាត់ខ្មាសបញ្ចេញនូវវីដេអូឃ្លីប ដើម្បីបង្ហាញមុខមាត់ពិត និងលាតត្រដាងពីចរិតជនឆបោកម្នាក់(កម្លោះកូនបី) រស់នៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានឆក់យកចិត្ត និងខ្លួនប្រាណរបស់ នាងរហូតបង្កើតបានកូនស្រីម្នាក់បន្សល់ទុកជាភ័ស្តុតាង មុនពេលបុរសរូបនេះ គេចខ្លួនមិនទទួលខុសត្រូវ។
តាមរយៈគណនីហ្វេសប៊ុករបស់ស្ត្រីរូបនេះ បានបង្ហាញថា នាងមានឈ្មោះ រី យ៉ា «Re Ya» បានទម្លាយចេញអត្តសញ្ញាណបុរសម្នាក់ដែលនាងអះអាងថា «ជាប្តីគេ» គឺជាជនឆបោករូបនាង ថា បុរសម្នាក់នោះមានឈ្មោះ ឈឿង ហ៊ុន មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម តែចេញចូលទៅនៅខេត្តឧត្តរមានជ័យ ដោយដាក់ឈ្មោះថ្មីហៅថា ឈឿង ស័ក្ត ។
ក្នុងវីដេអូឃ្លីបនោះ នាងបានរៀបផ្តាំផ្ញើទៅកាន់មិត្តនារីៗទាំងឡាយថា បុរសឈ្មោះ ឈឿង ស័ក្ក រូបនេះ គឺជាមនុស្សប្រុសម្នាក់ពូកែប្រើល្បិចឆបោក លួងលោម អូសទាញទឹកចិត្តស្ត្រីមែនទែន ។ ហើយអ្វីដែលធ្វើឲ្យនាងលង់ចិត្តស្រលាញ់បំផុតនោះ គឺត្រង់ថា បុរសរូបនេះហ៊ានស្បថស្បែនៅចំពោះមុខទីកន្លែងសក្ការៈនៃវត្ថុស័ក្ខិសិទ្ធិនៅលើទឹកដីខេត្តឧត្តរមានជ័យ ថា គេនឹងធ្វើជាប្តីដ៏ល្អគ្រប់យ៉ាងនៅក្រោយពេលរៀបការរួចទៀតផង ។
ក្នុងឃ្លីបដដែល បន្តថា នាងសុខចិត្តប្រគល់ខ្លួនប្រាណ ទៅតាមការលត់ជង្គង់សុំអង្វរក របស់បុរសរូបនេះ ក៏ដោយសារតែនាងមានទំនុកចិត្តខ្លាំងថា រូបគេខំធ្វើល្អដាក់យើងប៉ុណ្ណឹង ដល់ថ្នាក់យកម្តាយ (ក្លែងក្លាយ) មកចូលស្តីដណ្តឹង, បង្ហាញលិខិតលែងលះ (មិនដឹងបានមកពីខាងណា), នាំយើងទៅកាន់ផ្ទះគេ ខណៈប្រពន្ធមិននៅ ដើម្បីដេញវេលាការដែលនៅសល់តែ២ខែទៀតផង ។
ទោះយ៉ាងណា អ្វីៗក្រោយមក ត្រូវបានបែកធ្លាយ បន្ទាប់ពីនាងទាមទាររក លិខិតបញ្ជាក់ភាពពោះម៉ាយ ស្របច្បាប់ ធ្វើទៅតាមការស្នើសុំរបស់ភូមិ ឃុំ ដើម្បីបញ្ជាក់លើឯកសារបែបបទសុំច្បាប់រៀបការ ។ ដោយសារតែលេស មិនប្រគល់លិខិតបញ្ជាក់ភាពពោះម៉ាយនេះជាច្រើនលើកច្រើនសារ ទីបំផុត នាងក៏បានដឹងថា បុរសឈ្មោះ ឈឿង ស័ក្ខ នេះ មានប្រពន្ធ និងកូនរហូតដល់៣នាក់ឯណោះ ទើបនាងបាក់ទឹកចិត្តស្ទើរវង្វេងវង្វាន់តែម្តង ។
នាងបន្តថា ទោះបីនាងបានជ្រុលជ្រួសមុនពេលរៀបការមកដល់ រហូតមានផ្ទៃពោះក៏ដោយចុះ តែនាងបានសម្រេចចិត្តមិនយកកូនចេញទេ និងខំប្រឹងតស៊ូពពោះរស់ឯកោទាំងក្តីអាម៉ាស់ រហូតសម្រាលបានកូនស្រីម្នាក់ទាំងក្តីវេទនាបំផុតតែម្នាក់ឯង គឺគ្មានការផ្តល់អ្វីទាំងអស់ពីបុរសខាងលើនោះទេ ដែលនាងបានចាត់ទុកថា បុរសរូបនោះ មិនស្មើនឹងសត្វតិរច្ឆាននោះឡើយ ។ មិនតែប៉ុណ្ណោះ បុរសរូបនេះ នៅថែមបោះពាក្យបោះសំដីដាក់នាងថា «ចង់ប្តឹងផ្តល់អញ្ជើញតាមចិត្តចុះ ព្រោះថា ត្រឹមទឹកដីខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ចង់ធ្វើ ស-ខ្មៅ បែបណាគេធ្វើបានទាំងអស់»។
ទំនងជាបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ស្ត្រីរូបនេះ បានអំពាវនាវដល់បងប្អូនតាមបណ្តាញសង្គម ឲ្យជួយចំណាំមុខមាត់បុរសរូបនេះផង ព្រោះនាងគិតថា អាចប្រឈមនឹងហានិភ័យចំពោះខ្លួនផ្ទាល់ និងក្រុមគ្រួសារ ក្រោយពេលឃ្លីបវីដេអូ ដែលបានលាតត្រដាងពីការឆបោករបស់បុរសខាងលើនេះ៕
សូមស្តាប់ការរៀបរាប់របស់ស្ត្រី រីយ៉ា ក្នុងវីដេអូឃ្លីបទាំងស្រុង ដូចខាងក្រោមនេះ ៖