ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការរៀបចំការប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បីដាក់តាំងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆិកា ខាងមុខនេះ។
លើទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងថា ការៀបចំការប្រកួតនេះ ធ្វើឡើងដើម្បីផ្តល់ឱកាសឱ្យអ្នកជំនាញខាងរចនាទាំងអស់ ជាពិសេសនិស្សិតនៃសកលវិទ្យា ល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នាដៃរបស់ខ្លួន ដែលចាប់ផ្តើមទទួលរូបភាព ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។
អាជ្ញាធរបន្តថា ខ្លោងដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការចុច Like នឹងទទួល បានរង្វាន់លើកទឹកចិត្ត ហើយនឹងត្រូវដាក់ដំឡើងនៅតាមទីតាំង ចំនួន៤ រួមមាន មុខវិមានឯករាជ្យ, រមណីយដ្ឋានវត្តភ្នំ, ខាងលិចរង្វង់មូលសម្ដេចជួនណាត និងចំណុចសួនព្រះគន្លុង៕