ខេត្តកំពង់ចាម ៖ បុរស៣នាក់ដែលត្រូវជាឳពុក និងកូន ត្រូវបានបុរសម្នាក់កាប់ស្លាប់ជាបន្តបន្ទាប់ ដោយសារទាស់ពាក្យសំដីពេលផឹកស៊ីជុំគ្នានៅក្នុងផ្ទះរបស់ជនដៃដល់ កាលពីវេលាម៉ោង១៧ និង៣០នាទី ព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ នៅក្រោយពេលកើតហេតុ មានឈ្មោះ ឯម ភឿង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម (កន្លែងកើតហេតុ) រួមនឹងវត្ថុតាងកាំបិតខ្វែវមួយ ។ ចំណែក ជនរងគ្រោះ រួមមានទី១ ឈ្មោះ នី ណុន ភេទប្រុស អាយុ ៥៣ឆ្នាំ។ ទី២ ឈ្មោះ ណុន ឆវ័ន ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៣ ឈ្មោះ ណុន វី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅជាមួយ គ្នានឹងជនសង្ស័យដែរ។
តាមព័ត៌មានដែលទទួលបានពីសមត្ថកិច្ច ឲ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់ឈ្មោះ ឯម ភឿង និងជនរងគ្រោះឈ្មោះ ណុន វី បានផឹកស៊ីជាមួយគ្នានៅនឹងផ្ទះឈ្មោះ ឯម ភឿង ។ មួយសន្ទុះក្រោយមក ក៏មានទំនាស់ពាក្យសំដី តែមិនដឹងថាបណ្តាលមកពីរឿងហេតុអ្វីនោះទេ ហើយឈ្មោះ ឯម ភឿង ក៏ស្ទុះចូលទៅក្នុងផ្ទះយកកាបិតខ្វែវរបស់ខ្លួនមកកាប់ឈ្មោះ ណុន វី បណ្តាលឲ្យរងរបួស តែតិចតួចទេ។ ភ្លាមនោះជនរងគ្រោះឈ្មោះ ណុន វី ក៏និយាយថា មិនអីទេប៉ុណ្ណឹង ហើយក៏ដើរចេញទៅផ្ទះរបស់ខ្លួនបាត់។
ប្រភពដដែលបន្តថា មួយសន្ទុះក្រោយមកក្រុមជនរងគ្រោះឈ្មោះ ណុន វី ក៏ត្រឡប់មកវិញរួមនិង ឈ្មោះ នី ណុន និងឈ្មោះ ណុន ឆវ័ន ដែលត្រូវជាឪពុក និងប្អូនរបស់ខ្លួន មកផ្ទះឈ្មោះ ឯម ភឿង ម្តងទៀត ដោយមានកាន់ពូថៅ និងដំបងជាប់នឹងដៃមកជាមួយផង។ ពេលនោះការឈ្លោះប្រកែកបានផ្ទុះឡើង ហើយឈ្មោះ ឯម ភឿង ក៏យកកាំបិតខ្វែវកាប់ទៅលើអ្នកទាំងបីបណ្តាលឲ្យរងរបួសដេកដួល ហើយស្លាប់នៅហ្នឹកន្លែងកើតហេតុចំនួនពីរនាក់ គឺឈ្មោះ នី ណុន និងឈ្មោះ ណុន ឆវ័ន ចំណែកឈ្មោះ ណុន វី បានស្លាប់ពេលដឹកដល់មន្ទីរពេទ្យស្រុកបាធាយ។
ជនសង្ស័យឈ្មោះ ឯម ភឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាល និងបានបំពេញសំណុំឯកសារ ដើម្បីបញ្ជូនបន្តទៅតុលាការតាមនីតិវិធី៕