ភ្នំពេញ៖ ក្រុមចោរប្លន់ស្វាគមន៍លោក ទៀង ច័ន្ទសារ ដែលទើបចូលកាន់ដំណែងថ្មីជាអធិការខណ្ឌដូនពេញ ក្រុមចោរប្លន់ទាំងនោះបានធ្វើសកម្មភាព ចូលទៅក្នុងហាងលក់ភេជ្ជៈ “ឈិន ស៊ីន” ធ្វើសកម្មភាពភ្ជុងប្លន់ដោយកាំបិត ហើយបានប្រមូលប្រាក់អស់រាប់សិបម៉ឺនដុល្លា រួចគេចខ្លួនដោយសុវត្ថិភាព។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បង្កអោយមានការភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវលេខ៦៣ ទល់មុខផ្សារសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ដឹងដំរុយពីជនល្មើសដែលធ្វើសកម្មភាពប្លន់នោះនៅឡើយទេ។
ប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ មានជនសង្ស័យ២នាក់ បានចូលទៅក្នុងហាងខាងលើ ហើយមួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យទាំង២នាក់នោះចេញមកវិញដោយប្រញ៉េបប្រញាប់ឡើងរ៉ុកម៉ក់កង់បីបើកចេញទៅបាត់។ ស្រាប់តែភ្លាមនោះគេបានឃើញម្ចាស់ហាងរត់ចេញមកក្រៅស្រែកផ្អើលឆោរឡោ ទើបដឹងថានេះជាករណីចោរប្លន់អស់លុយរាប់សិបម៉ឺនដុល្លា។
បច្ចុប្បន្នសមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ។ ចំណែកប្រជាពលរដ្ឋ និងអជីវករលក់ដូរ នៅក្នុងខណ្ឌដូនពេញ កំពុងតែមានការភិតភ័យ ខ្លាចព្រោះជនល្មើសបានធ្វើសកម្មភាពប្លន់ដោយមិនខ្លាចញញើតសមត្ថកិច្ចបន្តិចណាឡើយ៕