ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមទំព័រហ្វេសបុកនាព្រឹកថ្ងៃនេះថា នាយប់ថ្ងៃទី១៦ ខែតុលា នេះ សម្តេចនឹងចាកចេញពីកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១២ នៅប្រទេសបែលហ្សិក មុននឹងបន្តធ្វើ ទស្សនកិច្ចនៅប្រទេសតួកគី និងបន្ទាប់មកទៀតនឹងទៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាមួយនឹងការបញ្ជាក់នូវបេសកកម្មក្រៅប្រទេស ៣ប្រទេសជាប់ៗគ្នានេះ សម្តេច នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាង ដូច្នេះថា «ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ ការងារមួយដែលខ្ញុំមិនអាចបោះបង់ ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិត្សខ្មែរដែលកំពុងរស់នៅនិង រៀនសូត្រនៅអឹរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំ នៅទីនោះ។
សូមជម្រាបថា នាវេលាម៉ោង ១២ និង ២០នាទី ឈានចូលថ្ងៃទី ១៧ តុលា ២០១៨ សម្តេចនឹងចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២ ហើយបន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប សម្តេចនឹងធ្វើទស្សនៈកិច្ចនៅប្រទេសតួកគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា។ ក្នុងថ្ងៃទី ២២ តុលា ដដែលសម្តេចនឹង ត្រូវចេញពីប្រទេសតួកគី មក ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគំរោងចាកចេញ ពីប្រទេសស្វីសនៅយប់ថ្ងៃទី ២៤ តុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី ២៥ តុលា ដើម្បីដឹកនាំកិច្ចប្រជុំគណរដ្ឋមន្ត្រី ស្តីពីសេចក្តីពីការព្រាង ច្បាប់ថវិកាសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ តុលា ២០១៨៕