ក្រសួងកសិកម្ម និងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី បានប្រកាសផ្អាកការនាំចូលម្ទេសពីប្រទេសវៀតណាម បន្ទាប់ពីរកឃើញសារធាតុគីមីហួសកម្រិត។ អាជ្ញាធរម៉ាឡេស៊ី បញ្ជាក់ថា ការផ្អាកនាំចូលនេះ គឺ មានកត្តាចំនួន២ ទី១- ដោយសារកសិករផលិតម្ទេសនៅប្រទេសវៀតណាម មិនបានអនុវត្តតាមគោលការណ៍ស្ដង់ដាររបស់ម៉ាឡេស៊ី ដោយប្រើប្រាស់សារធាតុគីមីហួសកម្រិត។
ទី២- រដ្ឋាភិបាលម៉ាឡេស៊ី លើកទឹកចិត្តកសិករវ័យក្មេង ចូលរួមផលិតម្ទេសដើម្បីប្រកួតប្រជែងនឹងទីផ្សាររបស់បរទេស។ ម្ទេសវៀតណាម នៅទីផ្សារម៉ាឡេស៊ី លក់ក្នុងតម្លៃ ០,៩ដុល្លារក្នុងមួយគីឡូក្រាម ខណៈម្ទេសផលិតក្នុងស្រុករបស់ម៉ាឡេស៊ី លក់ក្នុងតម្លៃ ១,៩ដុល្លារក្នុងមួយគីឡូក្រាម។
ទន្ទឹមនឹងការប្រកាសមូលហេតុនៃការផ្អាកនាំចូលម្ទេសនេះ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅម៉ាឡេស៊ី ក៏បានផ្ញើលិខិតទៅកាន់នាយកដ្ឋានពាក់ព័ន្ធ និងស្នើក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ធ្វើការបកស្រាយបំភ្លឺដល់កសិករវៀតណាមផងដែរ ចំពោះកម្រិតអនុញ្ញាតនៃការប្រើប្រាស់សារធាតុគីមី ដើម្បីសម្លាប់សត្វល្អិត ក្នុងម្ទេស។
គួរបញ្ជាក់ថា ម៉ាឡេស៊ី បានចាប់ផ្ដើមនាំចូលម្ទេសពីវៀតណាម កាលពីឆ្នាំ២០១៦ ហើយ ម៉ាឡេស៊ី កូរ៉េខាងត្បូង និងចិន ជាអ្នកនាំចូលម្ទេសវៀតណាម ធំជាងគេនៅលើពិភពលោក៕