ភ្នំពេញ ៖ តម្លៃប្រេងសាំងលក់រាយនៅកម្ពុជាត្រូវបានមើលឃើញថា បានចាប់ឡើងថ្លៃបន្តបន្ទាប់ទៀតចាប់តាំងពីដើមខែតុលា មក ជាក់ស្តែងតម្លៃប្រេងសាំងធម្មតា នៅថ្ងៃទី១៦ខែតុលា នេះ ឡើងថ្លៃដល់ ៤.២៥០រៀល ខណៈប្រេងម៉ាស៊ូតកើនដល់៤.១៥០រៀល ក្នងមួយលីត្រ។
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ការកើនឡើងតម្លៃប្រេងសាំងនៅកម្ពុជានេះ ដោយសារប្រេងឥន្ធនៈក្នុងទីផ្សារអន្តរជាតិក៏កើនថ្លៃដែរ។
ដូចទៅនឹងតារាងកំណត់តម្លៃប្រេងដែលចេញដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ តម្លៃប្រេងសាំងធម្មតាសម្រាប់លក់រាយនៅតាមបណ្តាស្ថានីយ៌ប្រេងឥន្ធនៈធំៗ គឺ៤.២៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះ កើនឡើង៥០រៀល បើធៀបនឹងតម្លៃរយៈពេល ១៥ថ្ងៃដើមខែតុលា កន្លងមក ។
ដូចគ្នានេះទៅនឹងតម្លៃដែលកំណត់ក្នុងតារាងលក់រាយចាប់ពីថ្ងៃ ទី១៦ ដល់ ៣១ខែតុលានេះដែរ ប្រេងម៉ាស៊ូត មានតម្លៃ៤.១៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះកើនឡើង១៥០រៀលបន្ថែមទៀត បើធៀបនឹងតម្លៃកាលពីដើមខែតុលា មក។
ដោយឡែក ប្រេងសាំងស៊ុបព៊ែរ ដែលមិនត្រូវបានកំណត់ក្នុងតារាងរូបមន្តគណនារបស់ក្រសួងពាណិជ្ជកម្មវិញ បានហក់ឡើងដល់៤៥៥០រៀល ទៅ៤៦០០រៀលក្នុងលីត្រ នៅតាមបណ្តាស្ថានីយ៌លក់ប្រេងឥន្ធនៈធំៗ។
គួរកត់សំគាល់ថា សម្រាប់តម្លៃប្រេងសាំងធម្មតា និង ប្រេងម៉ាស៊ូត ដែល កំណត់ក្នុងតារាងលក់រាយជាផ្លូវការរយៈពេល១៥ថ្ងៃម្តងនេះ គឺត្រូវបានបញ្ចុះតម្លៃ៤សែនដុល្លារអាមេរិកក្នុងមួយលីត្ររួចហើយតាមគោលការណ៌របស់រាជរដ្ឋាភិបាល បន្ទាប់ពីការគណនារូបមន្តតម្លៃគោល ដែលផ្អែកលើតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ប្រេងសាំងធម្មតានៅលើទីផ្សារអន្តរជាតិ ជាមធ្យមក្នុងរយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែតុលាមក គឺមានតម្លៃ ប្រមាណ៩០,២ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ ចំណែករយៈពេលដូចគ្នានេះ ប្រេងម៉ាស៊ូត មានតម្លៃ ជាង៩៩ដុល្លារអាមេរិក។ តម្លៃប្រេងនេះ គឺមានការឡើងថ្លៃប្រមាណ ២ដុល្លារអាមេរិកក្នុងមួយបារ៉ែល សម្រាប់ប្រេងសាំងធម្មតា និង កើនឡើងប្រមាណ ៥ដុល្លារអាមេរិក សម្រាប់ប្រេងម៉ាស៊ូត ៕