ភ្នំពេញ ៖ នៅម៉ោង ១២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក និង កិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ២៤ តុលា ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
យោងតាមផេករបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសប៊ែលហ្ស៊ិក និងប្រទេសស្វីស សម្តេច ក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសទាំងពីរនេះផងដែរ៕