ភ្នំពេញ ៖ ទំនាក់ទំនងជប៉ុន-កម្ពុជា ត្រូវបានគេមើលឃើញថា បានកើតឡើងជាយូរឆ្នាំមកហើយ ហើយទំនាក់ទំនងមិត្តភាព សាមគ្គីភាពមួយនេះ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ លើគ្រប់វិស័យទាំងស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក ហូរីណូអ៊ូឈិ ហ៊ីដេហ៊ីសា បានបង្ហាញទំនាក់ទនងការទូត រវាងប្រទេសទាំងពីរ បានកើតមាន៦៥ឆ្នាំមកហើយ ហើយឆ្នាំនេះ ជាខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតនេះ ជាលើកទី១ ដែលជប៉ុនរៀបចំអបអរសាទរខួបអនុស្សាវរីយ៍នេះ នៅក្នុងប្រទេសកម្ពុជា។
កន្លងមកប្រទេសទាំងពី បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និត ពិសេសនៅក្រោយទស្សវត្សទី៨០ ដែលជប៉ុនបានចូលរួម ការស្វែងរកសន្តិភាព និងបានបញ្ជូនថ្នាក់ដឹកនាំរបស់ខ្លួន ទៅចូលរួមក្នុងកិច្ចពិភាក្សា នៅទីក្រុងប៉ារីស ហើយលើសពីនេះ ក៏បានចូលរួមកសាងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ឯកអគ្គរាជទូត មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃទី១៧ខែតុលានេះនៅស្ថានទូតជប៉ុនប្រចាំកម្ពុជាថា ឆ្នាំនេះ ដើម្បីអបអរសាទរទំនាក់ទំនងការទូតរវាងប្រទេសទាំងពី ជប៉ុននឹងរៀបចំ ខែមិត្តភាព កម្ពុជា-ជប៉ុន ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី១៨ខែវិច្ឆិកា ដែលមានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន។
ចំពោះស្ថានទូតជប៉ុន នឹងរៀបចំព្រឹត្តិការណ៍២ ទាក់ទងនឹងកម្មវិធី ផ្លាស់ប្តូរយុវជន JENESYS ដែលក្នុងនោះមាន កម្មវិធីទី១ ការប្រកួតធ្វើបទបង្ហាញ ដោយក្រុមនិស្សិតសាកលវិទ្យាល័យ ក្រោមប្រធានបទ ”អនាគត កម្ពុជា៣០ឆ្នាំក្រោយ” នៅថ្ងៃទី២៥ខែតុលា ដើម្បីជ្រើសរើសនិស្សិតទៅចូលរួមកម្មវិធី JENESYS ។ ទី២ ការប្រកួតមិត្តភាព នៅថ្ងៃទី៣១ ខែតុលា រវាងកីឡាជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ និងកីឡាបាល់ទាត់សិស្សវិទ្យាល័យ មកពីសាលាសហព័ន្ធកីឡាបាល់ទាត់ជប៉ុននៅ ហ្វូគូស៊ីម៉ា។
ក្រៅពីនេះក៏មានកម្មវិធីជាច្រើនទៀត ដូចជា នៅថ្ងៃទី១៩-២១តុលា នឹងរៀបចំសន្និសីទ ASCOJA នៅខេត្តសៀបរាប ដែលរៀបចំដោយ សមាគមអតីតនិស្សិតមកពីប្រទេសជប៉ុន នៅថ្ងៃទី ២០តុលា រៀបចំពិពរណ៍សិក្សានៅប្រទេសជប៉ុន ដោយ CJCC ថ្ងៃទី២១ខែតុលា មានកម្មវិធី មហោស្រពបុងអូដូរី នៅផ្សារទំនើបអ៊ីអន សែនសុខ ដោយសមាគមជនជាតិជប៉ុននៅកម្ពុជា ថ្ងៃទី២៨ តុលា មានកម្មវិធី Let’s Cosplay លើកទី៥ នៅ CKCC នៅថ្ងៃទី៣១តុលា កម្មវិធីប្រគល់កង់ នៅវត្តឈូកវ៉ា ដោយមូនិធិគ្រប់គ្រងចំណតកង់ជប៉ុន និងមានកម្មមានកម្មវិធី កីឡា សិល្បៈ វប្បធម៌ ភាពយន្ត បរិស្ថាន ទេសចរណ៍ និងអប់រំ មួយចំនួនទៀត៕
( ជប៉ុន-កម្ពុជា រាំលេងយ៉ាងសប្បាយ នៅក្នុងពិធីបើកមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០១៨ )