ភ្នំពេញ ៖ មានជនជាតិចិនមួយក្រុម ដែលជាកម្មករក្នុងការដ្ឋានមួយកន្លែងដែលមានគ្នីគ្នាប្រមាណជាង១០ ទៅ១៥នាក់ បានព្រួតគ្នាវាយបុរសម្នាក់ឡើងទ្រោមខ្លួន បានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងនោះ ជួយអន្តគមន៍រួចរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤និង១០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅមុខការដ្ឋានតាមបណ្តោយផ្លូវ នរោត្តម ម្តុំសំណងការដ្ឋានមួយកន្លែង ក្បែរអគ្គស្នងការនគរបាលជាតិ ស្ថិតក្នុងទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនទាំងនោះ នាំគ្នាធ្វើការធម្មតាទេ ភ្លាមនោះ ពួកគេស្រាប់តែឃើញបុរសម្នាក់នោះដើរកាត់ការដ្ឋាន ហើយស្រាប់តែជនជាតិចិនទាំងនោះ នាំគ្នាព្រួតវាយបុរសនោះតែម្តង ដោយចោទថាបុរសនោះបានធ្លាប់លួចដែក ឧបករណ៍សំណង់នៅក្នុងការដ្ឋាន ។
ទោះយ៉ាងណាហេតុការណ៍ខាងលើនេះ នៅមិនទាន់ដឹងអោយច្បាស់ថា ជាករណីអ្វីអោយពិតប្រាកដនៅឡើយទេ ព្រោះជនជាតិចិនទាំងនោះ មិនត្រូវទាន់បានសមត្ថកិច្ចហៅមកធ្វើការសាកសួរនៅឡើយទេ ចំណែកបុរសដែលត្រូវក្រុមជនជាតិចិន វាយនោះត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ៕