សមត្ថកិច្ចរកឃើញលក់ប្រេងអត់ គ្រប់លីត្រចំនួន៣ស្ថានីយ នៅខណ្ឌ មានជ័យ
ភ្នំពេញ ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំង នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ រក ឃើញស្ថានីយចំនួន ៣កន្លែងដែលលក់ប្រេងគ្មានគុណភាព និងមិនគ្រប់លីត្រ។
មន្ត្រីកាំកុងត្រូល បានបញ្ជាក់ថា ស្ថានីយចំនួន១ បានលក់ប្រេងមិនអនុលោមទាំងគុណភាព និងបរិមាណ និងស្ថានីយចំនួន ២ទីតាំងផ្សេងទៀត លក់ប្រេងមិនគ្រប់លីត្រ។
មន្ត្រីកាំកុងត្រូល បន្ថែមថា ម្ចាស់ស្ថានីយទាំង៣ ដែលប្រព្រឹត្តខុសនេះ ត្រូវបានណែនាំ និងឲ្យចុះកិច្ចសន្យាកែតម្រូវឡើងវិញ ករណីបើកពិនិត្យឃើញកំហុសជាលើកទី២ ស្ថានីយទាំងនេះ នឹងត្រូវផ្សព្វផ្សាយឈ្មោះជាសាធារណៈ ឬឲ្យផ្អាកអាជីវកម្មបណ្ដោះអាសន្ន ហើយបើនៅតែមិនរាងចាល នឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការតែម្តង៕