ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៧ ខែតុលា “ឆ្នាំ២០១៨ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមមន្ត្រីជំនាញចុះទៅមូលដ្ឋានផ្ទាល់ ដើម្បីចូលរួមដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាយូរមកហើយ ដែលមានប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ បានស្នើដល់អាជ្ញាធរខេត្ត ជាពិសេស លោកអភិបាលខេត្តកំពង់ចាម ដើម្បីជួយរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីនេះ និងជួយដោះស្រាយបើកផ្លូវឡើងវិញ ។
គួរជម្រាបថា ផ្លូវមួយខ្សែនេះ ស្ថិតនៅងភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ មានតាំងពីសម័យមុនមកម្ល៉េះ ហើយមិនមែសម្រាប់តែប្រជាពលរដ្ឋក្នុងភូមីខាងលើនេះប្រើប្រាស់នោះទេ គឺជាផលប្រយោជន៍រួម ដែលអ្នកដំណើរទូទៅក៏អាចធ្វើដំណើរឆ្លងកាត់បានដែរ ប៉ុន្តែបច្ចុប្បន្នត្រូវបានឈ្មោះ កែម សុផាន់ ហៅគ្រូ ឡុង ដែលជាចុងចោទបានទិញដីធ្លីជុំវិញផ្លូវនេះ ពីឈ្មោះ ស្រៀង សៀងលី ដែលជាដើមបណ្ដឹង តែម្ចាស់ដីគេមិនព្រមលក់ ក៏កើតទៅជាមានបញ្ហាទំនាស់រហូតមានការប្តឹងផ្តល់គ្នាមិនចេះចប់ និងបានបិទផ្លូវនេះមកដល់បច្ចុប្បន្នតែម្តង។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ខណៈអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពផ្លូវ និងទីតាំងដែលមានទំនាស់ដោយផ្ទាល់ និងបានជួបសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ជាលទ្ធផលលោកអភិបាលខេត្ត បានឯកភាពសម្រេចឲ្យបើកផ្លូវមួយខ្សែនេះ ជូនប្រជាពលរដ្ឋប្រើប្រាស់ទុកជាប្រយោជន៍រួមដូចដើមវិញ។
ក្រោយពីលោកអភិបាលខេត្ត បានឯកភាពសម្រេចដោយគិតគូរពីផលប្រយោជន៍ បងប្អូនប្រជាពលរដ្ឋជាធំបែបនេះ បងប្អូនប្រជាពលរដ្ឋបានសាទរ និងថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ក៏ដូចជាមន្ត្រីអាជ្ញាធរមូលដ្ឋានផងដែរ ដែលបានចូលរួមដោះស្រាយបើកផ្លូវឱ្យដំណើរការជាធម្មតាឡើងវិញក្នងថ្ងៃនេះ ៕ ដោយ ៖ សុផល