ព្រះវិហារ ៖ ក្មេងប្រុសម្នាក់មានអាយុ ១ខួបកន្លះ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលហូបនំ កញ្ចប់ រួចផឹកទឹកក្រូចដបជ័រអស់១ដប ហើយរត់លេងបានប្រមាណ៣០នាទី ក៏កើតមានអាការៈ ទន់ដៃ ទន់ជើង ដួលប្រកាច់បែកពពុះមាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែ មិនអាចជួយទាន់សង្គ្រោះបាន បានស្លាប់បាត់ជីវិត កាលពីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
ក្មេងរងគ្រោះឈ្មោះ ហៃ វ៉ាន់ឆាយ ភេទប្រុស អាយុ១៨ខែ រស់នៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
ម្តាយក្មេងរងគ្រោះបានប្រាប់ថា កូនរបស់គាត់បានហូបនំកញ្ចប់ម៉ាក cookie crème ប្រភេទ សូកូឡាអស់៤កញ្ចប់ និងផឹកទឹកក្រូចដបជ័រ ម៉ាក sanumpueng អស់១ដប ហូបរួចវាបានរត់លេងប្រហែល៣០នាទីក្រោយមក ស្រាប់តែបែកពពុះមាត់ទន់ខ្លួន ក៏នាំយកទៅមណ្ឌលុខភាពកោះកេរ តែកូនគាត់បានស្លាប់តាមផ្លូវ មុនពេលទៅដល់មន្ទីរពេទ្យទៅទៀត។
ក្រោយពេលកើតមានករណីនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែង និងបានត្រួតពិនិត្យ ធ្វើរបាយការណ៍ជូនថ្នាក់លើ និងប្រគល់សាកសពជូនអាណាព្យាបាលដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕