ភ្នំពេញ ៖ ក្រសួងការងារ នឹងចុះទៅធ្វើការស៊ើបអង្កេតទៅលើករណី«ទាសភាពសម័យទំនើប»នៅតាម សិប្បកម្មឡឥដ្ឋ តាមរយៈការចងដោយបំណុល ដែលត្រូវបានផ្សព្វផ្សាយដោយក្រុមអ្នកស្រាវជ្រាវពីសកលវិទ្យាល័យ Royal Holloway មានមូលដ្ឋាននៅទីក្រុងឡុងដ៍។
នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្ទាប់ពីមានរបាយការណ៍មួយរបស់ក្រុមអ្នកស្រាវជ្រាវនេះ មានចំណងជើងថា«ឥដ្ឋឈាម» ដោយបានបង្ហាញថា ភាពរីកចម្រើនខ្លាំងនៃវិស័យសំណង់របស់ប្រទេសកម្ពុជា បានជំរុញឲ្យពលរដ្ឋក្រីក្រជាច្រើនគ្រួសារ ធ្លាក់ចូលទៅក្នុងទាសភាពសម័យទំនើបក្នុងសិប្បកម្ម ឡឥដ្ឋ តាមរយៈការចងដោយបំណុល។
លោក រដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងការងារបានចេញសេចក្តីថ្លែងការណ៍មួយ ដោយព្រមានផាកពិន័យ និងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះការប្រើប្រាស់ពលកម្មកុមារនៅក្នុងឧស្សាហកម្មឡឥដ្ឋ និងទម្រង់កេងប្រវ័ញ្ចដទៃៗទៀតជាមួយនឹងការចងដោយបំណុល។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា «ការដែលក្រសួងការងារចាប់ផ្តើមធ្វើនេះ វាហាក់ដូចជាគាត់ទើបតែភ្ញាក់ពីដេក ហើយយើងគិតថាវាគួរឲ្យសោកស្តាយកន្លង បើរាជរដ្ឋាភិបាលនិងក្រសួងយកចិត្តទុកដាក់តាំងពីដើមមកពលរដ្ឋកម្ពុជាអាចនឹងមិនមានភាពរងគ្រោះដោយសារតែរឿងនេះ»។
លោកថា ការពិតក្រសួងត្រូវស៊ើបអង្កេតតាំងពីយូរមកហើយ បន្ទាប់ពីសង្គមស៊ីវិលបានធ្វើរបាយការណ៍ជាបន្តបន្ទាប់អំពីបញ្ហានៅឡឥដ្ឋ ដែលបានបង្កគ្រោះថ្នាក់ដល់កុមារ និងកម្មករ៕