ភ្នំពេញ៖បន្ថែមពីលើការបង្ហោះសារជាសាធារណៈថា លោកយ៉ែម សំអូន ជាបុរសស្រឡាញ់ភេទដូចគ្នាធ្វើឲ្យមានការភ្ញាក់ផ្អើល អ្នកនាងយ៉ាន លីនដា ក៏បន្តទម្លាយប្រាប់ពីសម្ព័ន្ធភាពរបស់ស្វាមី និងតារាប្រុសក្មេងៗ ពិសេសគឺជាមួយតារាល្បីឈ្មោះម្នាក់ មុននឹងឈានដល់ការបែកបាក់នោះផងដែរ។ អ្នកនាងបានហៅការលាតត្រដាងរបស់ខ្លួនថា ជាជ្រុងមួយដ៏តូចប៉ុណ្ណោះ ក្នុងចំណោមរឿងរ៉ាវអវិជ្ជមានរាប់មិនអស់ដែលលោកយ៉ែម សំអូនបានធ្វើ។
អ្នកនាងនិយាយថាការសម្រេចចិត្តបើកកកាយនេះ គឺបន្ទាប់ពីក្នុងរង្វង់អ្នកជិតស្និទ្ធិរបស់ លោក យ៉ែម សំអូន បានលេចឮថាអ្នកនាងប្រញាប់លែងប្ដី ព្រោះចង់បានថ្មី និងថាមូលហេតុដែលលោកយ៉ែម សំអូន ទ្រាំមិនបានរហូតដល់ប្រើហិង្សា គឺដោយសារតែអ្នកនាងជេរប្រមាថ និងតាមទាន់ពេលអ្នកនាងមានអ្នកទី៣។ អ្នកនាងពោលថា១៤ឆ្នាំដែលរួមរស់ជាមួយប្ដី អ្នកនាងមិនដែលមានចិត្តផិតក្បត់នោះទេ ប៉ុន្តែអ្នកនាងអះអាងថាលោកយ៉ែម សំអូនទៅវិញទេ ដែលជាបុគ្គលផិតក្បត់។
អ្នកនាងបានទម្លាយឲ្យដឹងពីសម្ព័ន្ធភាពរបស់លោកយ៉ែម សំអូន និងតារាឯកប្រុសល្បីឈ្មោះម្នាក់ ដែលអ្នកនាងប្រាប់ថាចាប់បានទំនាក់ទំនងពួកគេ តាំងពីអ្នកទាំងពីរមានឱកាសទៅបង្ហាញម៉ូដរួមគ្នា នៅលើទឹកដីប្រទេសអូស្ត្រាលីក្នុងក្រុមបង្ហាញម៉ូដ Cambodia Super Model កាល ពីខែមេសា ឆ្នាំ២០១៤ម្ល៉េះ ដែលដំណឹងទាំងនេះ ក៏ត្រូវបានទម្លាយខ្ចរខ្ចាយពេញពិភពសិល្បៈ នាពេលចុងក្រោយផងដែរ។
យ៉ាងណាមិញ អ្នកនាងប្រាប់ថា បុរសដែលមានទ្រេមុខបែបខ្មែរ និងពូកែសម្ដែងតួកម្សត់ ដែលត្រូវគេស្គាល់ថាមានស្រុកកំណើតនៅខេត្តកំពង់ចាមនោះ មិនជាមនុស្សតែម្នាក់ដែលបានពាក់ព័ន្ធជាមួយលោកយ៉ែម សំអូននោះឡើយ។ អ្នកនាងបានថ្លែងពីប្រទេសអូស្ត្រាលីមកថា«ប្ដីខ្ញុំ កាលប៉ុន្មានឆ្នាំមុន ខ្ញុំមិនដឹងគាត់ធ្លាប់មានស្រីមានញីឬក៏អត់ទេ ប៉ុន្តែរង្វង់២-៣ ឆ្នាំហ្នឹង ខ្ញុំដឹងថាគាត់ស្រឡាញ់ប្រុស ឲ្យតែខ្ញុំតាមទាន់គាត់មានលេសស្បថចេះស្បថចុះរហូត ហ៊ានតែខ្ញុំនិយាយមិនស្រួលរឿងភ្លាម ទើបខ្ញុំចេះតែទ្រាំ! ជាក់ស្ដែងកាលមុនឈ្លោះគ្នា ក្នុងពេលខ្ញុំឡើងមកមើលកូននៅអូស្ត្រាលីម្នាក់ឯង គាត់បាននាំតារាម្នាក់ហ្នឹងទៅដេកនៅផ្ទះ។ គាត់ប្រាប់ខ្ញុំថាយកទៅគេងគ្រាន់បានជាគ្នា ខ្ញុំអត់មានមាត់ទេ សូម្បីតែតារាសិល្បៈណាលួចប្រាប់ខ្ញុំពីរឿងគាត់រាប់មិន អស់ ខ្ញុំនៅតែថាប្ដីខ្ញុំល្អជានិច្ច ប៉ុន្តែអ្វីដែលខ្ញុំអស់ការអត់ទ្រាំ គឺការជាន់ឈ្លី សម្ពាធមើលងាយ និងហិង្សាដែលគាត់ធ្វើមកលើខ្ញុំប៉ុណ្ណោះ!»។
អ្នកនាងយ៉ាន លីនដា ប្រាប់ថា រយៈពេល២ឆ្នាំចុងក្រោយ រវាងអ្នកនាង និងស្វាមី មិនដូចប្ដីប្រពន្ធទូទៅនោះទេ គឺភាពផ្អែមល្ហែមមាននៅលើឆាក និងនៅចំពោះមុខមហាជនប៉ុណ្ណោះ។ អ្នកនាងលើកឡើងក្នុងកិច្ចសម្ភាសន៍ថា «ខ្ញុំមើលគាត់ បើខ្ញុំអត់ប្រយោជន៍ ខ្ញុំដេកស៊ី ហើយបើកុំតែហេតុផលសិល្បៈ គាត់ទាត់ក្បាលខ្ញុំចោលយូរហើយ ប៉ុន្តែមកពីគាត់ខ្លាចបែកគ្នាទៅ ធ្លាក់កូដ និងបាត់បង់ការងារទេ ទើបចេះតែអត់អី!»។ អ្នកនាងបានហៅសារសុំទោសដែល យ៉ែម សំអូន បង្ហោះឡើងថាជាការទ័លច្រក បន្ទាប់ពីមិននឹកស្មានថាអ្នកនាងហ៊ានធ្វើដល់ថ្នាក់ហ្នឹង។ អ្នកនាងនិយាយថា«ខ្ញុំសុំបញ្ជាក់ថា ទង្វើរបស់គាត់គឺមានចេតនាទាំងអស់ ធម្មតាជាតិរបស់គាត់គឺកុំជំទាស់។ ពាក្យគ្រោតគ្រាតបែបណា ពាក្យប្រមាថបែបណា ការគាបសង្កត់បែបណា គាត់ធ្វើដាក់ខ្ញុំទាំងអស់។ បងទៅសួរតារាក្នុងក្រុមបង្ហាញម៉ូដទៅ (Cambodia Super Model) តើ គាត់ដែលផ្ដល់កិត្តិយសឲ្យប្រពន្ធម្នាក់នេះទេ ឲ្យតែខឹងស្រែកដាក់មុខភ្លាម! ខ្ញុំហ៊ានភ្នាល់ដាក់ជីវិត ថាគាត់កែអត់ទេ ព្រោះរឿងហ្នឹងមិនមែនតែម្ដងណា ច្រើនដងហើយ គឺមានតែលើសហ្នឹងគ្រប់ពេលខ្ញុំអភ័យទោសឲ្យ!»។
អ្នកនាងថ្លែងថាការសុំទោសរបស់លោកយ៉ែម សំអូន មិនមែនជាការពិតដែលលោកចង់ធ្វើនោះទេ គឺគ្រាន់តែចង់ឲ្យមនុស្សភាគច្រើនយល់ថាលោកជាជនរងគ្រោះ និងដាក់កំហុសចំពោះអ្នកនាងដែលដាច់ចិត្តលែងលះប៉ុណ្ណោះ។ អ្នកនាងបន្តទៀតថា«រឿងគាត់ធ្វើដាក់ខ្ញុំច្រើនណាស់ ហើយខ្ញុំសូមផ្ដាំផង កុំធ្វើជាទទួលកំហុស ហើយដើរលាបពណ៌ថាខ្ញុំបែបនេះខ្ញុំបែបនោះ ទើបគាត់ដល់ថ្នាក់ទ្រាំលែងបាន និងឈានដល់ប្រើអំពើហិង្សា ខ្ញុំនឹងបញ្ចេញពុតអាក្រក់របស់គាត់ឲ្យអស់ បើគាត់នៅតែមិនភ្ញាក់ខ្លួន!»។
ពាក់ព័ន្ធនឹងការលាតត្រដាងនេះ លោកយ៉ែម សំអូន មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារតែទូរស័ព្ទខលមិនចូល កាលពីល្ងាចថ្ងៃអាទិត្យទី១៧ ខែឧសភា។
យ៉ាងណាក៏ដោយនៅលើគណនីហ្វេសប៊ុករបស់អ្នកនាងយ៉ាន លីនដា នាពីរថ្ងៃនេះ គឺបានកាន់តែរញ្ជួយទ្វេដង បន្ទាប់ពីអ្នកនាងបង្ហោះថាលោកយ៉ែម សំអូន គឺជាស្វាមីដ៏អាក្រក់ត្រូវការតែប្រុស ដែលបង្កើនកម្តៅជម្លោះស្នេហាឲ្យកាន់តែរីកធំឡើង៕