ខេត្តក្រចេះ ៖ គិតត្រឹមរសៀលថ្ងៃទី២០ ខែតុលា នេះ មានប្រជាពលរដ្ឋចំនួន ៦នាក់ហើយ បានស្លាប់ដោយក្នុងនោះប្រជាពលរដ្ឋចំនួន បីនាក់ បានស្លាប់កាលពីថ្ងៃទី១៩ ខែតុលា និងប្រជាពលរដ្ឋចំនួនបីនាក់ទៀត បានស្លាប់កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះ និងសរុបជាង ៧០នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងនោះបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមានចំនួន៤២នាក់ ដោយសារបានធូរស្រាល និងជាង៣០នាក់ទៀត នៅមិនទាន់អនុញ្ញាតឲ្យចេញនៅឡើយទេ។
សមត្ថកិច្ចបានបញ្ចាក់ថា អ្នកភូមិ៣នាក់ក្នុងនោះមានពីរនាក់ ប្តីនិងប្រពន្ឋ រស់នៅលើកោះដុព័រ ក្នុងភូមិជើង ពោត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានស្លាប់ជាបន្តបន្ទាប់មិនអាចសង្គ្រោះទាន់ និងអ្នកភូមិជាង ២០នាក់ផ្សេងទៀត ក៏បានជួបអាការធ្ងន់ធ្ងរ និងកំពុងតែចាត់បញ្ជូនមកសង្ក្រោះនៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីជនរងគ្រោះទាំងនោះ បានផឹកស្រា ស កំដរក្នុងពិធីបុណ្យសពមួយនៅក្នុងភូមិ ។
ការផ្ទុះបាតុភាពពុលស្រា ស កំពុងតែរីរាលដាលចេញពីភូមិមួយទៅភូមិមួយ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃជាប់គ្នានេះ គិតត្រឹមរសៀលថ្ងៃទី២០ ខែតុលា នេះ គឺមានពលរដ្ឋប្រុសស្រី រស់នៅក្នុងភូមិ ផ្សេងគ្នា ក្នុងស្រុកសំបូរ សរុបចំនួន៦នាក់ហើយដែលបានស្លាប់ ដោយសង្ស័យពុលស្រា ស។ ចំណែក មន្ទីរជំនាញពាក់ព័ន្ឋ នៅមិនទាន់រកមូលហេតុពិតប្រាកដណាមួយបង្ហាញថា ការស្លាប់របស់ពលរដ្ឋរងគ្រោះទាំងនោះ និងអ្នកមានអាការៈពុលជាច្រើននាក់ទៀត ដោយសារស្រា ស ឬយ៉ាងណានោះទេ បានត្រឹមតែដាក់ការសន្និដ្ឋានក្រៅផ្លូវការទៅលើស្រា ស ប៉ុណ្ណោះ។
សូមជម្រាបថា ប្រៀបធៀបអាការៈពុលរបស់អ្នកភូមិរស់នៅលើកោះដុព័រ ក្នុងភូមិជើងពោត ឃុំកោះខ្ញែរ គឺមិនខុសគ្នាទៅនឹងអាការៈពុលរបស់អ្នកភូមិ រស់នៅក្នុងភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ គឺមានអការៈ ណែនដើមទ្រូង ស្រវាំងភ្នែក ទន់ដៃជើង និងបានស្លាប់ជាបន្តបន្ទាប់ដោយមិនអាចជួយសង្គ្រោះបាន។
អធិការរងនគរបាលស្រុកសំបូរ លោកវរៈសេនីយ៍ទោ នួន សារិន បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ១៩ ខែតុលា កន្លងទៅនេះ ពលរដ្ឋចំនួន ៣នាក់ផ្សេងទៀតបានស្លាប់ជាបន្តបន្ទាប់គ្នា ក្នុងនោះមានពីរនាក់ប្តីប្រពន្ឋ និងពលរដ្ឋ២១នាក់ផ្សេងទៀត បានរងអាការៈពុល បន្ទាប់ពីជនរងគ្រោះទាំងនោះ បានទទួលទានស្រា ស ក្នុងចូលរួមកំដរពិធីបុណ្យសព មួយនៅក្នុងភូមិខាងលើ។
អ្នកភូមិទាំង៣នាក់ ដែលបានស្លាប់ដោយអាជ្ញាធរសន្និដ្ឋានថា បណ្តាលមកពីពុលស្រា ស នោះ ១.ឈ្មោះ ទូច ម៉ុល ជាប្តី អាយុ៣៦ឆ្នាំ ២.ឈ្មោះ រស់ ញៀន អាយុ៤៦ឆ្នាំ ជាប្រពន្ឋ និងទី៣ឈ្មោះ តឹក ថា ភេទប្រុស អាយុ៥៦ឆ្នាំ ។ ជនរងគ្រោះបានស្លាប់ពេលបញ្ជូនមកសង្គ្រោះ។
ក្រោយការសន្និដ្ឋានរបស់អាជ្ញាធរ ដែលថា ការស្លាប់របស់អ្នកភូមិបណ្តាលមកពីពុលស្រា ស នេះ ត្រូវបានកម្លាំងនគរបាលស្រុក បានចុះទៅពិនិត្យ និងបានដកហូតសំណាកវត្ថុតាង ស្រា ស ជាច្រើនប៊ីដុង យកទៅរក្សាទុក និងបានប្រកាសផ្សព្វផ្សាយមិនឱ្យពលរដ្ឋក្នុងភូមិឱ្យទទួលទានស្រា ស បន្តទៀតនោះទេ។
លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោកបានបញ្ជាក់ថា តាមមការសន្និដ្ឋានបឋម គឺប្រជាពលរដ្ឋបានទទួលស្រាស។ ជាមួយគ្នានេះ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឈប់ទទួលទានស្រាស ដើម្បុះកុំឲ្យមានគ្រោះថ្នាក់៕