ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រ និងជោគជ័យទៅលើការព្រឹត្តិការណ៍តាំងពិព័រណ៍ អចលនទ្រព្យ ចំនួន2 លើករួចមកហើយនោះ ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ www.realestate.com.kh ក៏បានបើក ពិព័រណ៍អចលនទ្រព្យនេះម្តងទៀត នៅឆ្នាំ ២០១៨ ដោយរំពឹងថា ព្រឹត្តិការណ៌នេះនឹងអាចជំរុញ ដល់ការលក់អចលនទ្រព្យ បានច្រើនជាង ២០លាន ដុល្លារអាមេរិក។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នេះ នៅសណ្ឋាគារណាហ្គាវើល លោក ថមម៉ាស អ៊ូសអូលីវ៉ាន (Thomas O’s ullivan) នាយកគ្រប់គ្រង ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ www.realestate.com.kh បានបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំក្នុង ឆ្នាំ២០១៨ បានបើកដំណើរការជាផ្លូវការដោយរលូន ដោយមានការចូលរួមគាំទ្រពីអ្នកវិនិយោគវិស័យអចលនទ្រព្យ ទាំងនៅក្នុងប្រទេសកម្ពុជា និងមកពីក្រៅស្រុកសរុបជាង៥០ក្រុមហ៊ុន ក្នុងនោះមានទាំងក្រុមហ៊ុនវិនិយោគវិស័យខុនដូ អាផាតមិន និងបុរីរួមជាមួយនិងស្ថាប័ន គ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។
តាមការលើកឡើងរបស់ លោក Thomas O’s ullivan ក៏បានរំលឹកដែរថា កាលពីឆ្នាំ២០១៧ តាមរយៈព្រឹត្តិការណ៍នៃការតាំងពីពិព័រណ៍អចលនទ្រព្យនេះ បណ្តាក្រុមហ៊ុនអចលនទ្រព្យ ដែលចូលរួម បានដាក់តាំងបង្ហាញគម្រោងវិនិយោគរបស់ខ្លួនដល់អតិថិជន ដោយសកម្មភាពទាំងនោះបានជម្រុញដល់ការលក់បានរហូតដល់ជាង 20 លានដុល្លារអាមេរិក។
ដោយឡែក សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំ២០១៨ នេះ ក៏រំពឹងដែរថា នឹងទទួលបានការចាប់អារម្មណ៍ និងទទួលបានលទ្ធផលកាន់តែប្រសើរជាងឆ្នាំកន្លងទៅ ខណៈដែលទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ជាពិសេសការចាប់អារម្មណ៌ពីសំណាក់ជនជាតិបរទេសក្នុងនោះ វិនិយោគិនចិន ឈរនៅលំដាប់កំពូល ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ www.realestate.com.kh ឆ្នាំ២០១៨ នេះ បានរៀបចំធ្វើចំនួន២ថ្ងៃ គឺថ្ងៃទី១៩-២០ តុលានេះ នៅសណ្ឋាគារណាហ្គាវើល ដែលអនុញ្ញាតអោយសាធារណៈជនចូលរួមទស្សនាដោយសេរី៕