ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នេះ អាជ្ញាធរស្រុកភ្នំស្រួច បាននិយាយឲ្យដឹងថា នៅអំឡុងម៉ោង ៩និង២០នាទី ព្រឹកមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅលើភ្នំគិរីរម្យ ហើយទឹកបានហូរធ្លាក់ យ៉ាងកំហុគបណ្តាលអោយបាក់ទំនប់មួយខ្សែចំនួន ១២ម៉ែត្របណ្តោយ១២០ម៉ែត្រស្ថិត នៅចំណុចភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អាជ្ញាធរស្រុកបានបន្តទៀតថា ហើយបន្ទាប់ពីធ្វើការរាយការណ៍ទៅអាជ្ញាធរខេត្តភ្លាមៗនោះមានសេចក្តីរាយការណ៍បន្ទាន់ថា មានក្មេងៗដែលឃ្វាលគោ នៅទីនោះចំនួន១០នាក់ បានរត់គេចចេញពីចំណុចកើតហេតុ ខ្លះឡើងដើមឈើតោងមែកឈើ ប៉ុន្តែមិនមានគ្រោះថ្នាក់ក្មេងៗទាំងអស់នោះឡើយ ហើយ ក្នុងនោះក៏មានភ្ញៀវទេសចរ ជាជនបរទេសចំនួន៣នាក់ ស្រី២នាក់ផងដែរនៅក្នុងហេតុការណ៍នោះ តែពេលនេះបានត្រឡប់មកវិញដោយសុវត្ថិភាពអស់ហើយ។
ហើយភ្លាមៗនោះផងដែរ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តក៏ បានបញ្ជាឲ្យគ្រប់ជំនាញ ចុះជួយបន្ទាន់ ដើម្បីស្វែងរកក្រុមក្មេងទាំង១០នាក់ ព្រមជាមួយជនបរទេសផងដែរ តែរសៀលថ្ងៃនេះ ពួកគេបានរួចផុតពីគ្រោះថ្នាក់វិញអស់ហើយ។
ក្រុមអាជ្ញាធរបានឲ្យដឹងថា ករណីបាក់ទំនប់នេះ មូលហេតុដោយសាតែកាលពីយប់មានភ្លៀងខ្លាំង ដែលជាហេតុបណ្តាលឲ្យទឹកហូរធ្លាក់ចុះយ៉ាងគំហុកមកពីលើភ្នំគិរីរម្យ ដែលទំនប់មិនអាចការពារបានបណ្តាលឲ្យបាក់តែម្តងទៅ។ ពេលនោះលោក អភិបាលខេត្ត អភិបាលស្រុក និងមន្ត្រីតាមបណ្តាលមន្ទីរជុំវិញខេត្ត រួមដំណើរផងដែរនោះ បានចុះទៅពិនិត្យ និងទប់ស្កាត់ទំនប់នោះដើម្បីកុំអោយបាក់បន្តទៅទៀត៕