ភ្នំពេញ ៖ សម្តេច ហ៊ុន សែន ថ្លែងកាលពីយប់ថ្ងៃទី១៩ ខែតុលា នាទីក្រុងប្រ៊ុចសែល ថា «EBA គង់តែបាត់បង់ពីកម្ពុជា នៅពេលកម្ពុជាបានក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់» ។ បច្ចុប្បន្នសម្តេចកំពុងធ្វើការជាមួយប្រទេស និងស្ថាប័នអន្តរជាតិចំនួន២ ដើម្បីបន្តផ្តល់កម្ចី ក្នុងអត្រាការប្រាក់អនុគ្រោះរយៈពេល១០ឆ្នាំ និងមានលទ្ធភាពសងរយៈពេល៤០ឆ្នាំ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង១ពាន់នាក់ ពីប្រទេសហុងគ្រី បារាំង និងអាល្លឺម៉ង់ កាលពីយប់ថ្ងៃទី១៩ ខែតុលា នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ។
សម្តេចនាយរដ្ឋមន្ត្រីបានបញ្ជាក់បន្តថា សម្តេចបានធ្វើការមួយជំហានជាមួយជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីឱ្យភាគីទាំងនេះ បន្តផ្តល់អត្រាការប្រាក់អនុគ្រោះរយៈពេល១០ឆ្នាំ ហើយលទ្ធភាពសងរយៈពេល៤០ឆ្នាំ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះក៏បានអះអាងថា កម្ពុជាមិនទាន់បាត់បង់អ្វីទាំងអស់ ចំពោះការអនុគ្រោះពន្ធទំនិញពីសហភាពអឺរ៉ុប ។ បញ្ហានេះ ត្រូវបានគេយកធ្វើជាសង្គ្រាមចិត្តសាស្ត្រវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា កម្ពុជានៅមានលទ្ធភាពខ្ពស់ក្នុងការខ្ចីថវិកាពីបរទេស ប៉ុន្តែកម្ពុជាកំណត់ត្រាកម្ចីបរទេសត្រឹម ២៣ភាគរយ ប៉ុណ្ណោះ ធៀបជាមួយចំណូលសេដ្ឋកិច្ចជាតិ ពោលគឺកម្ពុជាមានលទ្ធភាពក្នុងការដោះស្រាយបញ្ហារបស់ខ្លួន លើបញ្ហាផ្សេងៗជាច្រើន មិនមែនសុទ្ធតែពឹងលើបំណុលបរទេសនោះទេ៕